(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានភាពទូទៅរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច» បន្ទាប់ពីអវត្តមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ដែលកំពុងសម្រាកព្យាបាលរបួសនៅក្រៅប្រទេស។ សន្និសីទនេះ ធ្វើឡើងនៅបរិវេណវត្តបទុមវត្តី រាជធានីភ្នំពេញ។
ការដឹកនាំធ្វើសន្និសីទនេះ គឺធ្វើឡើងដោយគណបក្សហ្វ៊ុនស៊ិនប៉ិចទាំងមូល ដែលពេលនេះកំពុងដឹកនាំដោយ គណៈកម្មការពិសេសមួយ ដែលមានសមាសភាព៥រូប។ គណៈកម្មការនេះ មានសមាសមាសភាពដូចតទៅ៖ ទី១. លោក យូ ហុក្រី អនុប្រធានបក្ស ជាប្រធានគណៈកម្មការ, ទី២. លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានបក្ស ជាសមាជិក, ទី៣ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យ ជាសមាជិក, ទី៤. គឺលោក យឹម សាវី អគ្គលេខាធិការ ជាសមាជិក និងទី៥. លោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងប្រតិបត្តិ ជាលេខាធិការ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុក ក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍នេះ សម្តេចក្រុមព្រះត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។
បើតាម លោក ញ៉េប ប៊ុនជិន, រហូតដល់ពេលនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលរបួសនៅក្រៅប្រទេស នៅមិនទាន់ទទួលបានដំណឹងណាមួយ អំពីការទទួលមរណភាពរបស់ អ្នកម្នាង អ៊ុក ផល្លា នៅឡើយទេ ដោយសារតែព្រះអង្គ នៅសម្រាក ក្នុងមន្ទីរពេទ្យនៅឡើយ៕