(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេ ក្នុងរាជធានីភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖

* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសួនសត្វដំបូងគេ ក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍជាតិ ក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីវិស័យឯកជនបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការវិនិយោគរបស់ឯកជនសុទ្ធតែបង់ពន្ធ ហើយរដ្ឋយកប្រាក់ពន្ធទាំងនោះ ដើម្បីបម្រើដល់សេវាសាធារណៈ និងផ្តល់ប្រាក់ខែដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម។

* សម្តេចតេជោបន្តបញ្ជាក់ថា បើមិនមានប្រាក់ពន្ធទាំងនោះទេ តើបានប្រាក់មកពីណាសម្រាប់ការចំណាយផ្សេងៗរបស់រដ្ឋ។ តាមរយៈហេតុផលនេះ សម្តេចបានបញ្ជាក់ថា មិនមានការខុសឆ្គងទេ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគាំទ្រការវិនិយោគ របស់វិស័យឯកជន និងអបអរសាទរសមិទ្ធផលរបស់វិស័យឯកជន។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅចិន និងវៀតណាម ដែលជាប្រទេសមានរបបនយោបាយដឹកនាំឯកបក្ស ក៏បានប្រើវិស័យឯកជន ជាវិស័យអភិវឌ្ឍន៍ឈានមុខផងដែរ។

* សម្តេចតេជោថ្លែងថា សម្តេចមានមោទនភាព ចំពោះក្រុមហ៊ុនរបស់ខ្មែរ ដែលមិនបានយកទុនទៅវិនិយោគនៅក្រៅប្រទេស ហើយប្រឹងប្រែងវិនិយោគក្នុងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥរិយាបថនេះខុសពីអតីតកាល ដែលក្រុមហ៊ុនខ្មែរមួយចំនួន បានយកលុយទៅវិនិយោគនៅក្រៅប្រទេស។

* សម្តេចតេជោ បានថ្លែងរំលឹកថា តំបន់អភិវឌ្ឍន៍សួនសត្វភ្នំពេញសាហ្វារី ក្នុង​សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ គឺជាតំបន់មួយដែល ប៉ុល ពត យកធ្វើជាទីតាំងស្តុកគ្រាប់វាយប្រហារ ចូលក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ។

* សម្តេចតេជោបន្ថែមទៀតថា នៅអំឡុងទសវត្សរ៍ឆ្នាំ៩០ តំបន់នេះគ្រាន់តែជាកន្លែង ប្រជាពលរដ្ឋដាំឪឡឹកតែប៉ុណ្ណោះ តែពេលក្រោយមក ត្រូវបានសម្តេចកាត់តំបន់នេះ ជាផ្ទៃដីរបស់រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ផ្ទៃដីរាជធានីភ្នំពេញបានរីកធំពីជាង៣០០គីឡូម៉ែត្រក្រឡា មកដល់ជាង៦០០គីឡូម៉ែត្រក្រឡា ហើយការពង្រីកផ្ទៃដីនេះ ត្រូវបានចុះហត្ថលេខាដោយសម្តេចផ្ទាល់តែម្តង។

* សម្តេចតេជោថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងធ្វើពិធីបុណ្យដ៏ធំមួយនៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍របស់ឧកញ៉ា លី យ៉ុងផាត់ ដើម្បីបង្ហាញថា កម្ពុជាបានបញ្ចប់សង្គ្រាមដោយជោគជ័យតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចផ្ទាល់តែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបញ្ជាក់របស់លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្ត្រី មកពីបក្សប្រជាធិបតេយ្យមូលដ្ឋានថា ការចូលរួមប្រកួតប្រជែងនយោបាយ ព្រោះតែចង់តបស្នងការដែលសម្តេចប្រឹងបញ្ជូន ទៅសិក្សានៅអាល្លឺម៉ង់នោះ គឺជារឿងត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បក្សនយោបាយទាំងអស់ កុំឲ្យឃោសនាបង្អាប់បក្សដទៃ សូមធ្វើខ្លួនដូចអាជីវករ គឺផ្សព្វផ្សាយតែផលិតផលខ្លួនកុំបង្អាប់ ផលិតផលរបស់អ្នកដទៃ។

* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា គណបក្សដទៃមិនទាន់មានធនធានគ្រប់គ្រាន់ ដូចគណបក្សប្រជាជនកម្ពុជានោះទេ ហើយបើនិយាយពីបណ្ឌិតវិញ គឺគណបក្សប្រជាជនមានច្រើនជាង គណបក្សនយោបាយដទៃ។

* សម្តេចតេជោបានចោទសំណួរ ទៅអ្នកដែលនិយាយថា កម្ពុជាគ្មានអភិវឌ្ឍន៍ តើកាលពីមុនស្ថានភាពគ្រួសាររបស់គេយ៉ាងម៉េច ហើយបច្ចុប្បន្នវាយ៉ាងម៉េច? សម្តេចថា ក្រោយថ្ងៃរំដោះរកតែស្បែកជើងពាក់មិនបាន់ផង ហើយបច្ចុប្បន្នជីវភាពកំពុងកាន់តែល្អប្រសើរ តើនោះមិនមែនជាការរីកចម្រើនទេ ឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មផងដែរ ចំពោះអ្នកមិនទទួលស្គាល់នូវកិច្ចអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ ខណៈដែលពួកគេកំពុងធ្វើដំណើរលើស្ពាន និងលើផ្លូវ ដែលសាងសង់ដោយរាជរដ្ឋាភិបាលមកពី គណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានសួនសត្វភ្នំពេញសាហ្វារីនេះ មិនត្រឹមតែជាកន្លែងរួមចំណែកទាក់ទាញភ្ញៀវទេសចរនោះទេ តែក៏បានផ្តល់ការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅលេងកម្សាន្តនៅកន្លែងផ្សេងៗនោះ សូមនាំគ្នាមកលេងកម្សាន្តនៅសួនសត្វដ៏ធំជាងគេរបស់កម្ពុជាមួយនេះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សមិទ្ធផលដែលកម្ពុជាកំពុងតែមាននេះ មិនមែនកើតឡើងដោយឥតព្រាងទុកនោះទេ តែបានកើតចេញពីការប្រឹងប្រែងយ៉ាងលំបាកជាទីបំផុតពីស្ថានភាពប្រទេសមួយដដ៏យ៉ាប់យ៉ឺន។

* សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជាងជិត៤០ឆ្នាំរូបនេះ បានថ្លែងថា ត្រូវរួមគ្នាធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

* សម្តេចនាយករដ្ឋមន្ត្រីបន្តថា កម្ពុជាទើបបានអភិវឌ្ឍន៍ពេញដៃពេញជើងត្រឹមរយៈពេល២០ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដូរជាច្រើន ដូរពីរបបកាប់សម្លាប់របស់ប៉ុលពត មកកាន់របបមួយធានា ដល់ការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋ ដូរពីអត់ស្បែកជើងពាក់ មកមានស្បែកជើងពាក់សម្បូរបែប។ សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរទៀតថា តើចង់ដូរអ្វីទៀត ឬមួយចង់ដូរពីដូចរបបលន់នល់ និងដូរដូចរបប ប៉ុល ពត ឬយ៉ាងណា?

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះតម្លៃណាក៏ដោយត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ការធានាបាននូវសុខសន្តិភាព និងធានាបាននូវការអភិវឌ្ឍ។

* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ដើម្បីធានាបាននូវសុខសន្តិភាពនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈរលេខរៀងទី២០ ជាការស្រេចទៅហើយ។

* សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានធានារាល់ការវិនិយោគមកពីក្រៅប្រទេស ដ៏ដូចជាក្នុងប្រទេសផងដែរ។

* សម្តេចតេជោថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ គឺចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨តទៅគឺលេងឮសំឡេងសម្តេចថ្លែងជាសាធារណៈទៀតហើយ ព្រោះត្រូវគោរពច្បាប់បោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍។

* សម្តេចតេជោប្រកាសអរគុណទុកជាមុន សម្រាប់បងប្អូនដែលបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ហើយសម្តេចបញ្ជាក់ថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី មិនតិចជាង១០ឆ្នាំទៀតនោះទេ។

* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មចំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សបក្សមួយ ដែលថ្លែងថា បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជន ងាកឆេះ ហើយខ្លួនគេ ងាកផ្តល់ចំណេះ គឺជារឿងមិនត្រឹមត្រូវឡើយ។ សម្តេចតេជោ ក៏អំពាវនាវដល់អ្នកនយោបាយ សូមឃោសនាតែបក្សរបស់ខ្លួន កុំបង្អាប់បក្សដទៃ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យអាជ្ញាធរមានសមត្ថកិច្ច ការពារសុខសុវត្ថិភាព ចំពោះបេក្ខជនគ្រប់បក្សនយោយ ដើម្បីអាចប្រកួតប្រជែង ក្នុងបរិយាកាសបោះឆ្នោតប្រកបដោយ សេរី និងយុត្តិធម៌ ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅម៉ោង៩៖០២នាទី, សូមអរគុណសម្រាប់ការទស្សនាតាមរយៈ Fresh News៕