(ភ្នំពេញ)៖ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវឱ្យវិស័យឯកជនជួយជ្រោមជ្រែងប្រជាពលរដ្ឋ ឱ្យទទួលបានការសិក្សាទាំងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ កាលពីពេលថ្មីៗកន្លងមកនោះ សមាគមសហព័ន្ធវិនិយោគិន បានចេញមុខអះអាងថានឹងអនុវត្តតាមអនុសាសន៍នេះឱ្យបានខ្ជាប់ខ្ជួន ខណៈសមាគមកំពុងរៀបចំយន្តការត្រៀមជួយអ្នកដែលចង់បន្តការសិក្សា និងចង់បានជំនាញវិជ្ជាជីវៈលើគ្រប់វិស័យ។
ការប្ដេជ្ញាយ៉ាងក្លៀវក្លាដូច្នេះ ត្រូវបានបញ្ជាក់ដោយលោក ឡី សុភាព នាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំវិសាមញ្ញរបស់ ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិន លើកទី២ នៅសណ្ឋាគារហាយស្កាយ នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមជាច្រើននាក់ទៀត។
លោក ឡី សុភាព បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំនេះ គឺបានដាក់ចេញនូវទិសដៅអនុវត្តការងារពិសេសៗមួយចំនួន ក្នុងនោះរួមមាន៖
១៖ សមាគមសហព័ន្ធវិនិយោគិន នឹងចុះពង្រឹងការផ្សព្វផ្សាយពីនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមវិស័យ ដូចជាវិស័យទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម សិប្បកម្ម និងឧស្សាហកម្ម ផលិតកម្ម វិនិយោគ អប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាវិស័យការងារជាដើម ទៅដល់អ្នកពាក់ព័ន្ធដើម្បីឱ្យយល់ដឹងអំពីបញ្ហាច្បាប់។
២៖ សមាគមសហព័ន្ធវិនិយោគិន នឹងជួយផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនឱ្យទទួលបានការសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ទាំងអ្នកដែលជាប់បាក់ឌុប ឬធ្លាក់បាក់ឌុប ក៏ដូចជាជួយសម្រួលឱ្យប្រជាពលរដ្ឋទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផងដែរ សំដៅសម្រេចឱ្យបាននូវគោលការណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» ខណៈប្រទេសកម្ពុជាកំពុងត្រូវការអ្នកជំនាញវិជ្ជាជីវៈច្រើនណាស់ដែរ។
ត្រង់ចំណុចនេះ លោកបណ្ឌិត ឡី សុភាព បានថ្លែងយ៉ាងដូច្នេះថា «យើងអាចប្រកាសបានថា ចាប់ពីថ្ងៃនេះតទៅ យុវជនកម្ពុជាទាំងអស់ ប្រជាជនកម្ពុជាទាំងអស់ ឱ្យតែចង់មានចំណេះដឹង ទោះមានលុយ ឬអត់លុយ សមាគមសហព័ន្ធវិនិយោគិនយើង ជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ទទួលទាំងអស់ ទទួលបើកផ្លូវឱ្យរៀនតែម្ដង... សមាគមសូមទទួលនូវសំណើរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើសុំដល់វិស័យឯកជន ធនាគារ មីក្រូហិរញ្ញវត្ថុជាដើម តែឥលូវសមាគមសហព័ន្ធវិនិយោគិនយើង សូមចូលរួមទទួលយកតែម្ដង ឱ្យតែប្រជាពលរដ្ឋកម្ពុជាចង់រៀងសូត្រ ចង់បានចំណេះដឹងវិជ្ជាជីវៈ យើងទទួល ទោះជាមានលុយ ឬអត់លុយ ក៏អាចបង្កលក្ខណៈឱ្យរៀនសូត្របានដែរ នេះគឺជាចំណុចមួយដែលសមាគមសហព័ន្ធវិនិយោគិន ទទួលនូវសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំ»។
លោកបន្តថា បន្ទាប់ពីផ្ដល់នូវការបណ្ដុះបណ្ដាលហើយ សមាគមសហព័ន្ធវិនិយោគិន នឹងជួយបង្កលក្ខណៈដល់ពួកគាត់ទទួលបានការងារ ឬមុខរបរមួយជាក់លាក់ ដែលនេះជាការបណ្ដុះបណ្ដាលដ៏ពិតប្រាកដ ហើយក៏ជាការចូលរួមពង្រឹងធនធានមនុស្សនៅកម្ពុជា សំដៅសម្រេចឱ្យបានគោលការណ៍ «សេវាកម្មមួយ ស្ដង់ដាមួយ» ផងដែរ ពីព្រោះសមាគមសហព័ន្ធវិនិយោគិនមានអ្នកវិនិយោគជាតិ-អន្តរជាតិជាច្រើន ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ផ្ដល់នូវឱកាសការងារយ៉ាងច្រើនសម្បូរបែប។
៣៖ សមាគមសហព័ន្ធវិនិយោគិន ក៏មានយន្តការជួយបង្កលក្ខណៈទៅដល់សហគ្រិនកម្ពុជា ចាប់ផ្ដើមនូវអាជីវកម្មខ្នាតតូច និងមធ្យម ព្រោះនៅក្នុងសមាគមសហព័ន្ធវិនិយោគិន មានទាំងអ្នកដែលមានលទ្ធភាពធំ មធ្យម និងតូច តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ដូច្នេះនៅពេលគាត់ទទួលបានការបណ្ដុះបណ្ដាល ពួកគាត់មានបទពិសោធន៍ ពួកគាត់មានលុយខ្លះហើយ ពួកគាត់អាចចាប់ផ្ដើមអាជីវកម្មនេះបាន ហើយសមាគមនឹងនៅតែបន្តជួយពួកគាត់ជារឿយៗ។
៤៖ សមាគមសហព័ន្ធវិនិយោគិន បាននិងកំពុងជួយជំរុញឱ្យមានការវិនិយោគនៅកម្ពុជា ពិសេសសមាគមក៏មានគម្រោងវិនិយោគលើគ្រប់វិស័យទាំងអស់ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ សុខាភិបាល កសិកម្ម សេវាកម្ម វិនិយោគ អប់រំ និងបណញុះបណ្ដាលវិជ្ជាជីវៈជាដើម សម្រាប់វិនិយោគិនជាតិ-អន្តរជាតិ ពិសេសជំរុញឱ្យវិនិយោគិនជាតិ បញ្ចេញលុយយកមកវិនិយោគនៅក្នុងប្រទេសខ្លួនទៀតផង។ សមាគមសហព័ន្ធវិនិយោគិនបានអះអាងធានាថា «ឱ្យសម្ដេចតេជោ ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី អ្នកវិនិយោគអន្តរជាតិដែលមកវិនិយោគនៅកម្ពុជា គ្មានហានិភ័យជាដាច់ខាត»។
៥៖ សមាគមសហព័ន្ធវិនិយោគិន នឹងចុះពង្រឹង-ពង្រីកសេវាកម្មសុខាភិបាល ដោយសមាគមនឹងបង្កើតកម្មវិធីថែទាំសុខភាពថ្មីមួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មទាំងឡាយ ពាក់ព័ន្ធនឹងការពង្រឹងវិស័យសុខាភិបាល ជាមួយនឹងទិសស្លោកមួយ «តើយើងគួរថែសុខភាព ឬក៏ថែជំងឺ (Health Care or Sick Care)»។
៦៖ សមាគមសហព័ន្ធវិនិយោគិន នឹងប្រតិបត្តិការលើការងារសប្បុរសធម៌ជួយប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ព្រោះសមាគមក៏មានមូលនិធិសប្បុរសធម៌ ចាំជួយប្រជាពលរដ្ឋដែលជួបបញ្ហាដោយប្រការណាមួយដែរ។ ក្រៅពីនេះ សមាគមមានគោលការណ៍គាំទ្រដល់វិស័យសិល្បៈ តូរតន្ត្រីខ្មែរ និងវិស័យកីឡាផងដែរ ដែលជានេះក៏ការយកចិត្តទុកដាក់ទៅដល់កិច្ចការសង្គមដ៏មុតមាំ សម្រាប់សមាគមសហព័ន្ធវិនិយោគិន។
លើសពីនេះ សមាគមសហព័ន្ធវិនិយោគិន នៅមានការងារជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលបាននិងកំពុងប្រតិបត្តិការជាមួយថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន ក៏ដូចជាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានានៅក្នុង និងក្រៅប្រទេសផងដែរ ពិសេសគឺវិស័យវិនិយោគតែម្ដង។
លោក ឡី សុភាព ក៏បានកោតសរសើរដល់ការរីកចម្រើនវិស័យវិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាក់ស្ដែងដោយសារសុខសន្តិភាព កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាច្រើនលាននាក់។ ជាមួយគ្នានោះ កម្ពុជាក៏នៅខ្វះបុគ្គលិកធ្វើការក្នុងវិស័យទេសចរណ៍ផងដែរ ដូច្នេះទើបសមាគមសហព័ន្ធវិនិយោគិន បានដាក់ទិសដៅចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើន ដើម្បីឆ្លើយតបនឹងកំណើនទេសចរដែលកំពុងកើនឡើង។
សូមជម្រាបថា សមាគមសហព័ន្ធវិនិយោគិន ជាដៃគូដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសជាអ្នកដើរតួយ៉ាងសំខាន់មួយ ក្នុងរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបន្តរីកចម្រើនលើគ្រប់វិស័យ មានជាអាថ៌វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ សុខាភិបាល វិនិយោគ កសិកម្ម សេវាកម្ម អប់រំ និងបណញុះបណ្ដាលវិជ្ជាជីវៈ វិស័យការងារជាដើម។
មួយវិញទៀត សមាគមសហព័ន្ធវិនិយោគិន ក៏ជាអង្គភាពដ៏ធំមួយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិនជាតិ និងអន្តរជាតិ ជាកន្លែងប្រមូលផ្ដុំទៅដោយវិនិយោគិន ពាណិជ្ជករ ឧស្សាហករ សិប្បករ ទាំងខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច។ ប្រតិបត្តិការរបស់សមាគមសហព័ន្ធវិនិយោគិន គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាអ្នកសម្រួលមធ្យោបាយជូនផ្នែកឯកជនទៀតផង៕