(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សួនសត្វភ្នំពេញសាហ្វារី គឺជាព្រៃកម្សាន្ដភ្នំពេញទី១ដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។
សួនសត្វដ៏ធំជាងគេមួយនេះ សាងសង់នៅលើផ្ទៃដីជាង ៦០ហិតាក្នុងជំហានទី១ ដែលហ៊ុព័ទ្ធទៅដោយរចនាបថ ដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និងក្រៅ អមជាមួយព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។
លក្ខណៈពិសេសរបស់សួនសត្វភ្នំពេញសាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា៖ ទី១. កន្លែងសម្តែងសត្វខ្លា, ទី២. កន្លែងសម្តែងសត្វក្រពើ, ទី៣. កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤. កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។ ក្រៅពីនោះក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួនទឹកសម្រាប់ជិះទូកលេងកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។
សួនសត្វភ្នំពេញសាហ្វារី បានបើកឲ្យចូលទស្សនាសាកល្បងតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨មកម្ល៉េះ។ អំឡុងពេលបើកសាកល្បងនេះ ក្រុមហ៊ុនបានកំណត់តម្លៃលក់សំបុត្រមានត្រឹមតែ ១០ដុល្លារប៉ុណ្ណោះសម្រាប់មនុស្សធំ និងតម្លៃ ៥ដុល្លារសម្រាប់កុមារ ដែលអាចចូលកម្សាន្តលំហែកាយ និងទស្សនាពេញ ១ថ្ងៃ។ សម្រាប់តម្លៃសំបុត្រពេលបើកជាផ្លូវការវិញ ថ្លៃសំបុត្រ ១៥ដុល្លារសម្រាប់មនុស្សធំ និងក្មេង ៥ដុល្លារដដែល៕