(ភ្នំពេញ)៖ គណៈប្រតិភូ គ.ជ.ប កម្ពុជា ដែលដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នារាត្រីថ្ងៃទី២២ ខែមិថុនានេះ បាននិងកំពុងចេញដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រយៈពេល១សប្ដាហ៍ ដើម្បីជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកជាមួយលោក Sir John HOLMES ប្រធាន គ.ជ.ប នៃចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗអំពីការបោះឆ្នោតនៅចក្រភពអង់គ្លេស។
លោកថា ការអញ្ជើញរបស់ គ.ជ.ប អង់គ្លេស សបញ្ជាក់ឱ្យឃើញថា ជាការបើកទំព័រថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយនៅអឺរ៉ុប ដែលមានបទពិសោធន៍តាំងពីបុរាណកាលក្នុងការរៀបចំការបោះឆ្នោត ហើយជាប្រទេសសមាជិកអចិន្ត្រៃយ៍នៅក្នុងអង្គការសហប្រជាជាតិទៀតផង។
អ្នកនាំពាក្យរូបនេះបានបន្តថា សកម្មភាពទាំងអស់នេះ គឺជាការខិតខំរបស់ គ.ជ.ប សំដៅធ្វើឱ្យការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព អាចឱ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតជឿទុកចិត្តបាន៕