(នីការ៉ាហ្គ័រ)៖ គិតត្រឹមថ្ងៃទី២២ ខែមិថុនានេះ មនុស្សស្លាប់ដោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខនីការ៉ាហ្គ័រ មានចំនួនសរុប ២១២នាក់ ដោយសារតែការអនុម័តច្បាប់សន្តិសុខថ្មីរបស់រដ្ឋាភិបាលប្រធានាធិបតីលោក Daniel Ortega បាននិងកំពុងបង្កសាធារណជនមិនពេញចិត្តជាខ្លាំង រហូតដល់ផ្ទុះការធ្វើបាតុកម្មទ្រង់ទ្រាយធំអស់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយដោយ Belize News នាយប់ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា អ្វីដែលធ្វើឲ្យប្រជាជននីការ៉ាហ្គ័រខឹងសម្បារខ្លាំងបំផុតនោះ គឺច្បាប់បង្កើនពន្ធប្រាក់ចំណូលទៅលើនិយោជក និងនិយោជិក ប៉ុន្តែបែរជាបន្ថយចំនួនប្រាក់សោធនរបស់ប្រជាពលរដ្ឋមកនៅត្រឹម ៥ភាគរយ ទៅវិញ ដែលប្រការនេះត្រូវបានក្រុមអ្នកតវ៉ាអះអាងថា ជាទង្វើមិនអាចទទួលយកបាននោះឡើយ។
ការតវ៉ានេះបានប្រែទៅជាអំពើហិង្សា និងជាការតវ៉ាដ៏ខ្លាំងក្លាបំផុតនៅក្នុងការដឹកនាំប្រទេសរយៈពេល ១១ឆ្នាំមកនេះរបស់ លោក Ortega ដែលចង់ចធ្វើកំណែទម្រង់ និងលើកស្ទួយកិច្ចការពារសន្តិសុខក្នុងប្រទេស តាមរយៈការដំឡើងពន្ធ៕