(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានបង្ក្រាបបានករណីជួញដូរគ្រឿងញៀន ចំនួន២ករណីផ្សេងៗគ្នា ក្នុងយប់តែមួយ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ។
លោកវេសេនីយ៍ទោ សៅ សារឿន អធិការស្រុកថ្មពួក បានឲ្យដឹង នៅល្ងាចថ្ងៃទី២២ ខែមិថុនានេះថា កម្លាំងនគបាលបានបង្ក្រាបករណីគ្រឿងញៀន ២ករណីក្នុងយប់តែមួយ ដែលករណីទី១ ត្រូវបានធ្វើឡើង នៅវេលាម៉ោង២១៖០០នាទី គឺករណីជួញដូរ ចែកចាយគ្រឿងញៀន នៅចំណុចផ្ទះជនសង្ស័យមានឈ្មោះ អ៉ិម ហឿន ភេទស្រី អាយុ៥៧ឆ្នាំ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក និងបានធ្វើការដកហូតវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន៣គ្រាប់ ដែលជនសង្ស័យលាក់ទុកក្នុងអង្រឹង។
ករណីទី១នេះ កម្លាំងសមត្ថកិច្ច បានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជាង ណូរិន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិថ្នល់បំបែក ឃុំគោកេមៀត និងបានឆែកឆេររកឃើញ ដបកែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនបានចំនួន២ ដែកកេះ៣ បំពង់បឺតឆ្នៃ៧កំណាត់។
ដោយឡែក ករណីទី២ ត្រូវបានធ្វើឡើង នៅវេលាម៉ោង២១៖០៥ នាទីយប់ថ្ងៃដដែល កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំណុចផ្លូវបំបែកបឹងត្រកួនទៅបន្ទាយឆ្មារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ទៀត រួមមាន៖ ១-ឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ និង២-ឈ្មោះ ឆេង រ៉ាឈិស ភេទប្រុស អាយុ២០ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ករណីទី២នេះ សមត្ថកិច្ច បានដកហូតវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ១កូនថង់តូច ស្នាប់ដៃចំនួន១ ជំពាមកៅស៊ូចំនួន២ ដែកកេះចំនួន៣ ទូរសព្ទដៃចំនួន២គ្រឿង និងម៉ូតូ ១គ្រឿងម៉ាក MSX ពណ៌ស-ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០១៦ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងរៀបចំឯកសារ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕