(ភ្នំពេញ)៖ បន្ទាប់ពីក្រុមការងារនាយកដ្ឋានអធិការកិច្ចដំណើរការធ្វើអធិការកិច្ចអស់រយៈពេល៤ថ្ងៃរួចមក នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទអធិការកិច្ចលើកិច្ចការនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សំ បូរ អគ្គាធិការរង និងជាប្រធាមក្រុមការងារ, លោកឧត្តមសេនីយ៍ឯក សៅ វាសនា ប្រធាននាយកដ្ឋានអធិការកិច្ច និងជាអនុប្រធានក្រុមការងារ, លោកឧត្តមសេនីយ៍ឯក មួង ឃីម អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកអនុប្រធាននាយកដ្ឋាន នាយ នាយរងការិល័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសបិទអធិការកិច្ច លោក កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការធ្វើអធិការកិច្ចនៅពេលនេះ គឺជាការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ហើយការធ្វើអធិការកិច្ចនេះដែរ គឺមិនមែនមានន័យថា នាយកដ្ឋាននគរបានព្រហ្មទណ្ឌ មានបញ្ហានោះទេ ប៉ុន្តែវាជាផែនឆ្នាំរបស់ក្រសួង និងជាពិសេសដើម្បីតំរែតម្រង់ទិសដៅឲ្យនាយកដ្ឋានធ្វើកិច្ចការ ឲ្យកាន់តែមានប្រសិទ្ធភាព និយាយជារួមកន្លងមកនាយកដ្ឋាន បានធ្វើកិច្ចការល្អប្រសើរច្រើន ហើយដោយសារកត្តានេះហើយ បានធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព និងសណ្តាប់ធ្នាប់ល្អ។
លោក កុល វីរក្ស បានបន្ដថា ពិនិត្យជារួមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានលើកកម្ពស់សមត្ថភាព សីលធម៌ វិន័យដល់មន្រ្តីក្រោមឱវាទ ឲ្យអនុវត្តតាមវិន័យលេខ០០៦បានល្អ ជាពិសេសបានសហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការកសាងឯកសារ និងលិខិតបទដ្ឋានផ្សេងៗ ស្តីពីគ្រប់គ្រង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ នាយកដ្ឋានក៏បានអនុវត្តភារកិច្ចជំនាញបានល្អ ក្នុងនោះបានអនុវត្តសេចក្តីណែនាំបទបញ្ជា ដែលថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រគល់ឲ្យសម្រេចបានជោគជ័យ ហើយសូមឲ្យបន្តកិច្ចការទាំងអស់ឲ្យបានល្អបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទទាំងអស់ យកចិត្តទុកដាក់ លើការងាររដ្ឋបាល ក្នុងនោះមានការងារគ្រប់គ្រងសៀវភៅចុះលេខលិខិតចេញ-ចូល និងសៀវភៅបញ្ជូនលិខិត។ល។ ឲ្យត្រឹមត្រូវតាមបែបរដ្ឋបាល សំដៅធ្វើឲ្យនាយកដ្ឋានដំណើរការទៅបានកាន់តែរលូន និងទទួលបានការជឿជាក់ពីថ្នាក់ដឹកនាំ៕