(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទៅជួបសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីទូលព្រះអង្គ អំពីការទទួលមរណភាពរបស់ អ្នកម្នាង អ៊ុក ផល្លា នៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច។

បើតាម លោក ញ៉េប ប៊ុនជិន, រហូតដល់ពេលនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលរបួសនៅក្រៅប្រទេស នៅមិនទាន់ទទួលបានដំណឹងណាមួយ អំពីការទទួលមរណភាពរបស់ អ្នកម្នាង អ៊ុក ផល្លា នៅឡើយទេ ដោយសារតែព្រះអង្គ នៅសម្រាក ក្នុងមន្ទីរពេទ្យនៅឡើយ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុក ក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍នេះ សម្តេចក្រុមព្រះត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។

ក្រោយពេលព្រះអង្គសម្រាកព្យាបាលព្រះសុខភាពនេះ គណបក្សហ្វ៊ុនស៊ិនប៉ិចទាំងមូល ពេលនេះកំពុងដឹកនាំដោយ គណៈកម្មការពិសេសមួយ ដែលមានសមាសភាព៥រូប។ គណៈកម្មការនេះ មានសមាសមាសភាពដូចតទៅ៖ ទី១. លោក យូ ហុក្រី អនុប្រធានបក្ស ជាប្រធានគណៈកម្មការ, ទី២. លោក ប៉ោ ប៊ុនស្រុឺ អនុប្រធានបក្ស ជាសមាជិក, ទី៣ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យ ជាសមាជិក, ទី៤. គឺលោក យឹម សាវី អគ្គលេខាធិការ ជាសមាជិក និងទី៥. លោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងប្រតិបត្តិ ជាលេខាធិការ។

ទោះជាយ៉ាងនេះក្តី បើតាម លោក ញ៉េប ប៊ុនជិន គឺស្ថានភាពរបួសរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលនេះបានធូរស្រាលមួយកម្រិតហើយ។ គ្រាដែលដឹងព្រះកាយនោះ ព្រះអង្គបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានបង្ហាញការព្រួយបារម្ភចំពោះព្រះសុខភាពទ្រង់ ហើយអំពាវនាវដល់ អ្នកគាំទ្រទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខានឱ្យសោះ៕