(ភ្នំពេញ)៖ សាលាមធ្យមសិក្សាបច្ចេកទេសហ្ស៊ីវ៉េសេ (JVC) ទទួលបានការវាយតម្លៃគុណភាពកម្រិតល្អបង្គួរ ពីនាយកដ្ឋានគុណភាព នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយពិសេសទៅទៀត ក៏ទទួលបានវិញ្ញាបនបត្រ ISO 9001-2015 ពីក្រុមហ៊ុន GIC របស់សិង្ហបុរី ក្នុងពេលតែមួយផងដែរ។

ក្រុមហ៊ុន GIC ជាក្រុមហ៊ុនវាយតម្លៃមួយមានការទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 9001-2015 នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ស៊ឹម សូរិន ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកសាលាមធ្យមសិក្សាបច្ចេកទេស JVC បានឱ្យដឹងថា សាលានេះបានវិវត្តន៍ខ្លួនពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស JVC មកជាសាលាមធ្យមបច្ចេកទេស JVC ហើយមានការឧបត្ថម្ភគាំទ្រពីអង្គការស្ម័គ្រចិត្ត ជនជាតិជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ទាំងអគារ ឧបករណ៍សម្ភារៈដែលបំពាក់ក្នុងសាលា និងរោងជាងសម្រាប់ធ្វើការបណ្តុះបណ្តាលទៅលើជំនាញបច្ចេកទេសជួសជុលរថយន្ត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបញ្ជាក់ថា សាលាមធ្យមបច្ចេកទេស JVC  មានទីតាំងនៅផ្លូវលេខ៦អា ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សាលាបានដំណើរការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើន ដូចជាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ និងកម្មវិធីស្ពានចម្លងបន្តជំនាញជាដើម។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO នេះដែរ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងថា ស្ថិតក្នុងបរិបទសកលភាវូបនីយ៍កម្ម ប្រទេសមានការរីកចម្រើន លូតលាស់ឥតឈប់ឈរ និងមានការប្រកួតប្រជែង ដើម្បីស្វែងរកឧត្តមភាព គុណភាពផលិតផល និងសេវាកម្មឱ្យមានកម្រិតអប្បបរមា ជាពិសេសការកសាងកម្លាំងពលកម្មឱ្យមានសមត្ថភាព និងលទ្ធភាពប្រើប្រាស់បច្ចេកទេសគ្រប់កម្រិត ដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមប្រកបដោយចិរភាព។

លោកបន្តថា ការអប់រំបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជិវៈ គឺជាកត្តាដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយជាពលករជំនាញ អ្នកបច្ចេកទេស ក្នុងការបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ស្របពេលដែលប្រទេសកំពុងមានសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏ពិតប្រាកដ។

លោកបញ្ជាក់ថា តាមរយៈការប្រគល់វិញ្ញបនបត្រនៅពេលនេះ គឺជាម៉ែត្រវាស់មួយក្នុងការកំណត់នូវបទដ្ឋាននៃការដឹកនាំរបស់គណៈគ្រប់គ្រង និងគុណភាពនៃការអប់រំបច្ចេកទេស ជំនាញ និងការវិវត្តរបស់សាលាមួយនេះ ប្រកបដោយការទទួលខុសត្រូវ និងមានការកែលម្អបំពេញបន្ថែម។

ក្រៅពីនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងការបំពេញការងារ និងការជំរុញលើកកម្ពស់ការអប់រំនៅកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នូវកម្លាំងពលកម្មដែលមានជំនាញក្នុងទីផ្សារការងារ នាពេលបច្ចុប្បន្ននេះផងដែរ៕