(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ ២០១៨ ម៉ោង២៖០០នាទីរសៀលខាងមុខនេះ ខ្លួននឹងរៀបចំវគ្គបណ្តុះបណ្តាលប្រចាំខែមិថុនា លើប្រធានបទ ការស្វែងយល់ពីរបាយការណ៍ហិរញ្ញវត្ថុ។
បើតាម CSX វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យអ្នកចូលរួម ទទួលបាននូវមូលដ្ឋានគ្រឺះ ក្នុងការវិភាគស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន និងវាយតម្លៃលើសក្ដានុពលរីកចម្រើនរបស់ក្រុមហ៊ុន តាមរយៈការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ និងអនុបាតមួយចំនួន។ CSX បានរៀបចំវគ្គបណ្តុះបណ្តាលប្រចាំខែនេះតាំងពីខែមករាមក ហើយនឹងបន្តរៀបចំរហូតដល់ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រធានបទ និងកាលវិភាគនៃវគ្គបណ្តុះបណ្តាលនីមួយៗ នៅក្នុងគេហទំព័រហ្វេសបុកផ្លូវការរបស់ CSX គឺ៖facebook.com/cambodia.csx។
ជាមួយគ្នានេះ CSX បានបញ្ជាក់ផងដែរថា សាធារណជន ដែលពុំទាន់មានចំណេះដឹងសោះពីទីផ្សារភាគហ៊ុន ក៏អាចចូលរួមបានដែរ ដោយវគ្គបណ្តុះបណ្តាលនីមួយៗនឹងមានបន្ថែមការពន្យល់ពីទិដ្ឋភាពរួមនៃទីផ្សារភាគហ៊ុន និងដំណើរការនៃការជួញដូរភាគហ៊ុន។ CSX បានអញ្ជើញក្រុមហ៊ុនមូលបត្រមកចូលរួម ដើម្បីសម្រួលដល់ការបើកគណនីជួញដូរមូលបត្រ ជូនអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនីមួយៗផងដែរ ដោយអ្នកមានបំណងបើកគណនីជួញដូរមូលបត្រ តម្រូវឱ្យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។
CSX នឹងខិតខំបន្ថែមទៀតក្នុងការចូលរួមបណ្តុះបណ្តាល ក៏ដូចជាបញ្ជ្រាបការយល់ដឹងពីវិស័យមូលបត្រដល់សាធារណជន និងវិនិយោគិន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការរីកចម្រើននៃវិស័យមួយនេះ៕