(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការនៃ អ.វ.ត.ក. បានអនុញ្ញាតឲ្យតំណាងក្រុមបណ្តាប្រទេស ផ្តល់ជំនួយសំខាន់ៗ (Principal Donors Group-PDG) ទទួលបន្ទុកការងាររបស់អ.វ.ត.ក. ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ដែលរួមមានសមាសភាព ១០ប្រទេស (អូស្រ្តាលី បារាំង អាល្លឺម៉ង់ ជប៉ុន ស៊ុយអ៊ែដ ហ្វាំងឡង់ ណ័រវេស អង់គ្លេស អាមេរិក កូរ៉េខាងត្បូង) និងសហភាពអឺរ៉ុប ក្នុងនោះក៏មានការចូលរួមផងដែរពីសំណាក់លោក David Scheffer អ្នកជំនាញការពិសេសរបស់ លោកអគ្គលេខាធិការ អ.ស.ប. ដើម្បីចូលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់អ.វ.ត.ក ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានស្វាគមន៍ចំពោះគណៈប្រតិភូ និងបានជម្រាបជូនពីសមិទ្ធផលសំខាន់ៗរបស់សាលាក្តីរួមមាន សំណុំរឿង ០០១ និងសំណុំរឿង ០០២ ដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាស្ថាពរ និងសាលក្រមសំណុំរឿង ០០២ ដំណាក់កាលទី២ រំពឹងថានឹងចេញនៅ ឆ្នាំ២០១៨។
លោកឧបនាយករដ្ឋមន្ត្រីក៏បានលើលើពីសមទ្ធិផលផ្សេងទៀតដែល អ.វ.ត.ក សម្រេចបានជាកេរដំណែល និងការជះឥទ្ធិពលវិជ្ជមានរបស់ អ.វ.ត.ក ដល់សង្គមជាតិ ដែលត្រូវបានចាត់ទុកថាជាកត្តាដ៏សំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ទុកឲ្យសម្រាប់មនុស្សជំនាន់ក្រោយ។ អ.វ.ត.កក៏បានអនុញ្ញាត្តិឲ្យមានការចូលរួមរបស់ជនរងគ្រោះ នៅក្នុងដំណើរការជម្រះក្តីព្រហ្មទណ្ឌជាដើម ក្នុងនាមជាបណ្តឹងរដ្ឋប្បវេណី (Civil Parties) ហើយមានសិទ្ធិពេញលេញក្នុងការទាមទារសំណងផ្លូវចិត្ត និងសំណងជាសមូហភាព។
សូមបញ្ជាក់ថា សាធារណជនកម្ពុជាជាងកន្លះលាននាក់ បានមកឃើញដំណើរការស្វែងរកយុត្តិធម៌នៅ អ.វ.ត.ក ដោយផ្ទាល់ ឬតាមរយៈសកម្មភាពផ្សព្វផ្សាយ (Outreach Activities) រៀបចំដោយផ្នែកកិច្ចការសាធារណៈ អង្គភាពគាំពារជនរងគ្រោះរបស់សាលាក្តី។ ក្រៅពីនោះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីចុងឆ្នាំ២០១៥ និងបានទទួលសំណុំរឿង០០១ មកតម្កល់ និងរក្សាទុកសម្រាប់ ឲ្យសាធារណជន អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ មកសិក្សាស្វែងយល់ពាក់ព័ន្ធនឹងដំណើរការ កាត់សេចក្ដីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ព្រមទាំងបានផ្សព្វផ្សាយការងាររបស់ខ្លួននៅតាម មហាវិទ្យាល័យ និងនៅតាមបណ្តាខេត្តផងដែរ។
ជាមួយគ្នានោះដែរ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានសូមស្នើសុំឲ្យតំណាងក្រុមបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ ជួយផ្តល់ថវិកាបង្រ្គប់ដល់ភាគីជាតិដែលនៅខ្វះសាច់ប្រាក់ប្រមាណ១៥០.០០០ដុល្លាអាមេរិកសម្រាប់ឆ្នាំ២០១៨នេះទៀត បន្ទាប់ពីមានការសន្យាផ្តល់ជំនួយពីម្ចាស់ជំនួយមួយចំនួនរួចមក ពីព្រោះរាជរដ្ឋាភិបាលកម្ពុជាបានទ្រទ្រង់ ១០០% នៃចំណាយប្រតិបត្តិការទូទៅរបស់ អ.វ.ត.ក. និងចេញប្រាក់ខែចំនួន ៦ ខែដល់បុគ្គលិកជាតិ ដែលមានទឹកប្រាក់សរុបចំនួន៤លានដុល្លាអាមេរិក។
ជាការឆ្លើយតប លោកស្រី Emily Pierce (ជនជាតិអាមេរិក) ដែលជាប្រធានប្តូរវេន នៃតំណាងក្រុមបណ្តាប្រទេសផ្តល់ជំនួយ សំខាន់ៗ ក៏ដូចជាលោក David Scheffer អ្នកជំនាញការពិសេសរបស់លោកអគ្គលេខាធិការ អ.ស.ប. បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលខាងលើ និងក៏បានសំដែងការអរគុណដល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកផ្តល់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការងារ អ.វ.ត.ក.។ ចំពោះការខ្វះសាច់ប្រាក់ប្រមាណ១៥០.០០០ដុល្លាអាមេរិក របស់ភាគីជាតិ លោកស្រី Emily Pierce និងលោក David Scheffer សន្យាថានឹងជួយគៀងគរពីប្រទេសផ្តល់ជំនួយ ដើម្បីផ្តល់ថវិកាបង្គ្រប់ដល់ភាគីជាតិ។ សម្រាប់បន្តដំណើរការនៃ អ.វ.ត.ក. នៅឆ្នាំ២០១៩ខាងមុខ លោកស្រី Emily Pierce និងលោក David Scheffer ក៏បានសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រ និងផ្តល់ថវិកាដល់ភាគីជាតិនៃ អ.វ.ត.ក ដូចធ្លាប់បានអនុវត្តកន្លងមក ដូចឆ្នាំ២០១៨នេះ និងស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តគាំទ្រដល់សំណើឧបត្ថម្ភធនរបស់លោកអគ្គលេខាធិការ អ.ស.ប. ដល់ភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ ដូចដែលរាជរដ្ឋាភិបាលតែងតែគាំទ្រជារៀងរាល់ឆ្នាំ។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានជម្រាបជូនលោកស្រី Emily Pierce និងលោក David Scheffer ថា៖ សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបន្តគាំទ្រ និងផ្តល់ថវិកាដល់ភាគីជាតិដូចឆ្នាំ២០១៨ ដោយមិនមានការប្រែប្រួលទេ។ នាពេលជាមួយគ្នានោះដែរ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់បណ្តាប្រទេសផ្តល់ជំនួយទាំងអស់ ដែលតែងតែបានគាំទ្រ និងផ្តល់ថវិកាចំពោះដំណើរការរបស់ អ.វ.ត.ក នាពេលកន្លងមក និងបានស្នើសុំឲ្យក្រុមបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ បន្តការគាំទ្រនិងផ្តល់ថវិកាបន្ថែមទៀត ដើម្បីអោយ អ.វ.ត.ក អាចបញ្ចប់បេសកកម្ម និងការងាររបស់ខ្លួនទៅដោយរលូន ជោគជ័យ និងប្រកបដោយកិត្តិយស សម្រាប់ទាំងភាគីកម្ពុជា និងភាគី អ.ស.ប. ក៏ដូចជាសម្រាប់ប្រទេសផ្តល់ជំនួយទាំងអស់៕