(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញមកបញ្ជាក់ជូនសាធារណជនថា លោក ហ៊ុល ស៊ីណា អាយុ៣៩ឆ្នាំ មុរបរអាជីវករទីលំនៅភូមិ សំបុកចាប ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនមែនជាជនល្មើសឡើយ គឺជាជនរងគ្រោះ ដែលសហការជាមួយកម្លាំងអាវុធហត្ថ ក្នុងការចាប់ខ្លួនជនល្មើសទាំង៦នាក់ ជាប់ពាក់ព័ន្ធករណីឆបោក និងជ្រើសរើសពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថខុសច្បាប់។
ការចេញមកបញ្ជាក់របស់អាវុធហត្ថខាងលើនេះ បានកើតមានឡើង បន្ទាប់ពីរូបថតអង្គុយរបស់លោក ដែលសមត្ថកិច្ចថតជាប់ជាមួយក្រុមជនល្មើសទាំង៦នាក់នោះ ត្រូវបានចែកចាយតាមបណ្តាញសង្គម Facebook ដែលនាំឲ្យមានយល់ច្រឡំពីអ្នកដែលស្គាល់លោក និងធ្លាប់រកស៊ីជាមួយលោក ហើយបានទូរស័ព្ទមកសួរនាំជាហូរហែ។
បើតាមមន្រ្តីអាវុធហត្ថ លោក ហ៊ុល ស៊ីណា ជាប្រជាពលរដ្ឋម្នាក់ដែលបានរាយការណ៍អំពីករណីល្មើសច្បាប់មួយនេះ មកដល់កងកម្លាំងអាវុធហត្ថ រហូតឈានទៅដល់ការចាប់ខ្លួនតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
របាយការណ៍របស់កងរាជអាវុធហត្ថ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា បុគ្គលទាំង៦នាក់នោះ រួមមានទី១៖ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២៖ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣៖ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៤៖ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥៖ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦៖ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ឯកសារបញ្ជីឈ្មោះ, គ្រឿងបំពាក់ សម្ភារអាវុធហត្ថមួយចំនួន និងម៉ូតូ០៣គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
លោក ហ៊ុល ស៊ីណា ជាជនរងគ្រោះ និងជាអ្នកផ្តល់ព័ត៌មានជូនអាវុធហត្ថ (រូបថតនៅក្នុងរង្វង់មូល)