(ភ្នំពេញ)៖ របាយការណ៍ផ្លូវការបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅរយៈពេល៥ខែដើមឆ្នាំ២០១៨នេះ ខ្លួនបានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានជាង១ពាន់លានដុល្លារអាមេរិក កើតឡើនឡើងជាង១២ភាគរយ។
របាយការណ៍ប្រមូលចំណូលពន្ធនេះ ត្រូវបានប្រកាសក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃសុក្រ ១០កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា រយៈពេល០៥ខែ ដើមឆ្នាំ២០១៨នេះ (មករា ដល់ឧសភា) អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបាន ចំនួន ៤,១៧១.៨២ ប៊ីលានរៀល (ប្រមាណជា ១,០៤២.៩៦លានដុល្លារអាមេរិក) ឬស្មើនឹង ៥៤,២៣%។ ប្រសិនបើប្រៀបធៀបនឹង៥ខែ ដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុង៥ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន ៤៥២.០៥ ប៊ីលានរៀល (ប្រមាណ១១៣ លានដុល្លារអាមេរិក) ស្មើនឹង១២.១៥%។
អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។
ដោយឡែកក្នុងខែឧសភា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៥៣៧.៣៧ ប៊ីលានរៀល (ប្រមាណជា១៣៤.៣៤ លានដុល្លារអាមេរិក) ស្មើនឹង ៦.៩៨% នៃផែនការច្បាប់ឆ្នាំ២០១៨។ ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែឧសភា ឆ្នាំ២០១៧ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទក្នុងខែឧសភា ឆ្នាំ២០១៨ កើនឡើងចំនួន ៦៥.៩២ ប៊ីលានរៀល (ប្រមាណ ១៦.៤៨ លានដុល្លារអាមេរិក) ស្មើនឹង ១៣.៩៨%។
លោកអគ្គនាយក ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
* បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨
* គ្រោងនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ ផ្សាយបន្តផ្ទាល់នៃកិច្ចប្រជុំ ដែលផ្តល់លទ្ធភាពដល់ថ្នាក់់ដឹកនាំនិងមន្ត្រីនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌនានា អាចមើលនិងទទួលបានព័ត៌មានផ្ទាល់អំពីកិច្ចប្រជុំនានារបស់អគ្គនាយកដ្ឋានពន្ធដារ
* បន្តពង្រឹងការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយក្នុងនោះក៏ត្រូវពង្រឹងតាមដាន សហគ្រាសទាំងឡាយ ដែលប្រើប្រាស់រូបភាពមានអ្នកឈរឈ្មោះជំនួស ព្រមទាំងបន្តការងារជំរុញការចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមិនទាន់បានចុះបញ្ជី នៅតាមបណ្តាខេត្ត-ខណ្ឌទាំងអស់
* បន្តពង្រឹងចាត់វិធានការចំពោះ ការគេចវេះពន្ធគ្រប់រូបភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ពន្ធ ចំពោះក្រុមហ៊ុនដែលប្រកាសបង់ពន្ធមិនស្មោះត្រង់ ឬគេចវេះពន្ធតាមគ្រប់រូបភាព
* ពង្រឹងតាមដានការចាត់ចែងលិខិតប្រកាស ជាពិសេស នៅតាមបណ្តាខេត្ត-ខណ្ឌនានា
* បន្តពង្រឹង និងធ្វើឱ្យប្រសើរឡើងថែមទៀត លើការបង្វិលសងអាករលើតម្លៃបន្ថែមជូនស្ថានទូត អង្គការអន្តរជាតិ ក៏ដូចជាសហគ្រាសនានា ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ ក៏បានសម្រួលនីតិវិធីនៃការបង្វិលសង ស្របតាមប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ និងប្រកាសលេខ ៥៧៧ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨
* សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើកិច្ចការកៀរគរចំណូល និងការលើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន
* បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃ ក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងត្រៀមដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃ ធនធានមនុស្សពេញលេញ ដែលនឹងត្រៀមដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងអភិបាលកិច្ចល្អ កែប្រែផ្តត់គំនិតរបស់មន្ត្រីពន្ធដារឱ្យក្លាយជាអ្នកបម្រើសេវាជូនអ្នកជាប់ពន្ធបានល្អ ក្លាយជាមន្ត្រីដែលពោរពេញដោយសមត្ថភាព ជំនាញ និងទេពកោសល្យ ស្មោះត្រង់ មានភាពម្ចាស់ការ ព្រមទាំងមានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញភារកិច្ចការងារ
* បន្តជំរុញអនុវត្តឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ
* បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយពង្រឹងនូវការប្រើប្រាស់ ការធ្វើសវនកម្មសហគ្រាសតាមប្រព័ន្ធ ពង្រីការប្រើប្រាស់ប្រព័ន្ធតាមដានឯកសារ (Tracking Document System) គ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ទូទាំងប្រទេសដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ
* បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ
* បន្តខិតខំប្រមូលបំណុលពន្ធដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ និងពង្រឹងការយកចិត្តទុកដាក់ក្នុងការធ្វើសវនកម្ម ចំពោះសហគ្រាសធំៗ ដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ចំណូលពន្ធ ដោយសារតែប្រកាសបង់ពន្ធក្នុងកម្រិតទាប មិនឆ្លើយតបនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន ឬប្រកាសខាតជាច្រើនឆ្នាំ។
ជាមួយគ្នានេះ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល និងសូមគោរពជូនពរថ្នាក់ដឹកនាំ៕