(ភ្នំពេញ)៖ សម្រាប់សិស្ស និស្សិតដែលកំពុងសិក្សាសាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬអ្នកមានការងារ ហើយចង់ផ្លាស់ប្តូរការងារ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនចំនួន១០ ក្នុងនោះ មានមីក្រូហិរញ្ញវត្ថុអម្រឹត, ក្រុមហ៊ុន G-GEAR, ក្រុមហ៊ុន ISI, ក្រុមហ៊ុនទូរស័ព្ទ Smart, មីក្រូហិរញ្ញវត្ថុ RFC, មីក្រូហិរញ្ញវត្ថុ មហានគរ, ក្រុមហ៊ុន ម៉ាស្ទើ ស៊ូគីស៊ុប, ក្រុមហ៊ុន ដេហាន អូតូ, ក្រុមហ៊ុន Ankornet និងក្រុមហ៊ុន មីងវួយ នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារប្រមាណ១០៨៥កន្លែង។ វេទិកានេះ ធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរ និងការងារ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
លោក ចាប់ មករា HR Manager ក្រុមហ៊ុន Master Suki Soup បានឲ្យដឹងថា នេះជាលើកទី៤ ដែលក្រុមហ៊ុនបានសហការជាមួយនិង NEA ក្នុងវេទិកាសម្ភាសការងារ។ លោកមើលឃើញថា សេវារបស់ NEA ជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ គឺពិតជាល្អមែន ដោយបានចូលរួមកាត់បន្ថយអត្រា អត់ការងារធ្វើរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក មានបុគ្គលិកជាង៨០០នាក់ ក្រោយចូលរួមជាមួយ NEA ជាបន្តបន្ទាប់ក្រុមហ៊ុន បានទទួលបេក្ខជនជាប់ការងារតាមរយៈវេទិកានេះ ជាច្រើននាក់។
លោក មករា បានបញ្ជាក់បន្ថែមថា មូលហេតុដែលក្រុមហ៊ុនសហការជាមួយ NEA ដោយសារតែ NEA មានបណ្តាញច្រើន ហើយជាស្ថាប័នរដ្ឋ លើសពីនេះទៀតគឺជាឱកាស ដែលក្រុមហ៊ុន បានផ្សព្វផ្សាយពី ឈ្មោះរបស់ក្រុមហ៊ុនឲ្យគេបានស្គាល់ កាន់តែច្រើនឡើងបន្ថែមទៀត។ លោកក៏បានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុនក្នុងការសម្របសម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ក្នុងការរៀបចំវេទិកាការងារជារៀងរាល់ខែ។
ប្អូនស្រី វណ្ណ ម៉ូលីកា និស្សិតឆ្នាំ២ ផ្នែកគីមីវិទ្យានៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានលើកឡើងថា វេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរួមចំណែកជាច្រើនក្នុងការនាំយកឱកាសការងារ ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ «វេទិកានេះ ពិតជាល្អណាស់បង ព្រោះបានជួយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារ ធ្វើឲ្យឆាប់ទទួលបានការងារធ្វើ ជាក់ស្តែងខ្ញុំមកវេទិកានេះ ជាលើកទី១ទេ តែខ្ញុំសង្កេតឃើញថា ការរៀបចំវេទិកានេះ ពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិ និស្សិត ឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន»។
ម៉ូលីកា ចាប់អារម្មណ៍ទៀតថា វេទិកានេះ នឹងកាន់តែមានភាពពេញនិយមកាន់តែច្រើនឡើងបន្ថែមទៀត ពីសំណាក់ម្ចាស់ក្រុមហ៊ុន នឹងអ្នកស្វែងរកការងារធ្វើ ដោយសារតែជួយដល់ក្រុមហ៊ុន ឲ្យឆាប់ទទួលបានបុគ្គលិកដែលពួកគេចង់បាន នឹងជួយដល់អ្នកស្វែងរកការងារ ឲ្យទទួលបានការងារអ្វីដេលពួកគេស្រឡាញ់។
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយខែ ក្នុងខែមិថុនា ឆ្នាំ២០១៨នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំវេទិកាការងារ ចំនួន៤លើក ដែលមានក្រុមហ៊ុន ចូលរួមសហការប្រមាណ៣០ក្រុមហ៊ុន និងមានអ្នកចូលរួម ប្រមាណជិត២,០០០នាក់ និងមានអ្នកជាប់ការងារទាំងបឋម និងស្ថាពរប្រមាណជិត១ពាន់នាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕