(ភ្នំពេញ)៖ ដើម្បីអបអរដំណើរកម្សាន្តវិស្សមកាល ពាក់កណ្តាលឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ComZone Group (CZG) បានធ្វើដំណើរកម្សាន្តប្រចាំឆ្នាំ ទៅកាន់ទឹកដីខេត្តសៀមរាប ដែលជាដែនដីអច្ឆរិយៈ ក្រោមពាក្យស្លោកដ៏មានអត្ថន័យថា «តស៊ូ-សាមគ្គី-សម្រេចជោគជ័យ» អមដោយបដារចនានូវរូបប្រាសាទអង្គរវត្ត និងទិដ្ឋភាពទីក្រុងដ៏ស្រស់ស្អាត ពីខាងក្រោយ ដែលពិត ជាសាកសមទៅនឹង គោលបំណងនៃដំណើរ កម្សាន្តប្រចាំឆ្នាំនេះ ហើយវាក៏បានបំផុសនូវគំនិត និងសកម្មភាពនានាឲ្យកាន់តែទាក់ទាញ សម្រាប់ការប្រកួតប្រជែង ដែលកើតចេញពីស្មារតីមុះមុត និងរាយកាយមាំមួន ក្នុងនាមជា «CZG Commandos» នៃសមាជិក របស់ក្រុមហ៊ុន ComZone, Directions និងFilmPro ទាំងមូល។
សមាជិក CZG Commandos ទាំងអស់ពិតជាទទួលបាននូវភាពសប្បាយរីករាយយ៉ាងក្រៃលែង នៅក្នុងសកម្មភាពដ៏មានសារសំខាន់ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៦ ដល់១៨ ខែមិថុនា ដែលបេសកកម្ម នោះមានដូចជា ប្រសិទ្ធភាពការងារក្រុម សិក្ខាសាលាពីស្មារតីក្រុម និងកិច្ចពិភាក្សាពីឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើលំហាត់ប្រាណដើម្បីសុខភាពជាដើម។ រាល់សកម្មភាពទាំងអស់ បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងនូវស្មារតីក្រុមឲ្យកាន់តែរឹងមាំ និងមានសាមគ្គីភាព។
ក្នុងនោះផងដែរ ក៏មាននូវវេទិកាដ៏សំខាន់មួយផ្សេងទៀតគឺ វេទិកា គំនិតច្នៃប្រឌិត នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលចូលរួមផ្តល់បទបង្ហាញ ដោយថ្នាក់ដឹកនាំពីតាមផ្នែកនីមួយៗ របស់ CZG ។ វេទិកានេះ បានផ្តល់ឲ្យ សមាជិកចូលរួមទាំងអស់ យល់ដឹងពីការវិវឌ្ឍន៍នៃឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មរបស់កម្ពុជា នៅថ្ងៃអនាគត និងការត្រៀមខ្លួនដើម្បីទទួលយកអត្ថប្រយោជន៍ពីការវិវឌ្ឍន៍នេះ។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការលេងហ្គេមប្រកួតប្រជែង ក៏បានផ្តល់នូវការចងចាំមិនអាចបំភ្លេចបាន សម្រាប់ក្រុមដែលទទួលជ័យជម្នះ និងក្រុមដែលបានអួតអាងផងដែរ។ សកម្មភាពទាំងអស់នេះ ត្រូវរួមផ្សំគ្នាសម្រាប់ដំណើរកម្សាន្ត នៅលើដែនអង្គរនេះឲ្យកាន់តែអស្ចារ្យ។
ដោយការផ្តល់ជូននូវបរិយាកាសដ៏ស្រស់ស្រាយ នៃការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ បដានៅលើរថយន្ត និមិត្តសញ្ញានៃដំណើរកម្សាន្ត នៅលើអាវយឺត និងមួក របស់សមាជិកទាំងអស់ ធ្វើឲ្យមហាជនទូទៅបានដឹង ពីគោលបំណង និងចាប់អារម្មណ៍ខ្លាំងពីសកម្មភាពរបស់យើង។
លោកអគ្គនាយក សូ ឡងឌី បានកត់សម្គាល់ថា «យើងទាំងអស់គ្នា បានត្រៀមជាស្រេចសម្រាប់ការប្រឈម ក៏ដូចជាប្រកួតប្រជែងថ្មីៗ ដែលនឹងកើតឡើងនាពេលខាងមុខ។ ក្រុមហ៊ុនរបស់យើង រីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងបានកំណត់ចក្ខុវិស័យ ឲ្យកាន់តែខ្ពស់ជាងមុន ព្រោះត្រឹមផ្នត់គំនិតសម្រាប់តែក្នុងតំបន់ គឺនៅមិនគ្រប់គ្រាន់នោះទេ។ យើងត្រូវគិត និងបោះជំហានចូលទៅទូទាំងពិភពលោក ដើម្បីជោគជ័យក្នុងវិស័យ ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន»។
លើសពីនេះ ពេលវេលាដ៏បវរមិនអាចបំភ្លេចបាន សម្រាប់ដំណើរកម្សាន្តថ្ងៃចុងបញ្ចប់ គឺដំណើរសប្បុរសធម៌ទៅកាន់វត្តវិសុទ្ធិមគ្គ ក្នុងគោលបំណងប្រគេនចង្ហាន់ពេលព្រឹក និងថ្ងៃត្រង់ដល់ព្រះសង្ឃចំនួន ១៩៦អង្គ និងដើរទស្សនាស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅជុំវិញទីអារាមដែលហ៊ុព័ទ្ធ ដោយព្រៃធម្មជាតិដ៏ត្រជាក់ត្រជុំថែមទៀតផង។
កាន់តែមិនអាចបំភ្លេចបាន គឺស្នាមញញឹម ដែលពោរពេញដោយអំណររបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៣០០នាក់ បន្ទាប់ទទួលបាននូវអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន ComZone Group។ ការចែករំលែក និងផ្តល់ជំនួយសប្បុរសធម៌ផ្សេងៗ គឺជាគោលដៅចម្បងរបស់ក្រុមហ៊ុន ហើយអំពើសប្បុរសធម៌នេះ ក្រុមហ៊ុន ComZone Group ក៏បានជួយដល់សិស្សានុសិស្ស នៅតាមសាលារៀន ក៏ដូចជាព្រះសង្ឃជាច្រើនផងដែរ។
សមាជិកទាំងអស់បានឯកភាព និងគាំទ្រទាំងស្រុង ចំពោះសម្តីបន្ថែមរបស់លោកអគ្គនាយក សូ ឡងឌី ដែលលោកបាននិយាយថា «ការងារផ្សព្វផ្សាយពាណិជ្ជកម្ម គឺសប្បាយ តែពេលខ្លះការងារនេះ ក៏រវល់ខ្លាំងណាស់ដែរ ដូច្នេះ យើងត្រូវប្រាកដថា ក្រុមការងាររបស់យើងមានពេលសម្រាកគ្រប់គ្រាន់ និងមានកម្លាំងថាមពលពេញលេញ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនបង្កើតនូវសកម្មភាពទាំងអស់នេះ ដើម្បីឲ្យប្រាកដ និងធានាថាការងារ ច្នៃប្រឌិតរបស់យើងមិនចេះរីងស្ងួត»៕
បេសកកម្មដ៏អស្ចារ្យ របស់ Comzone Group Commandos ឆ្នាំ២០១៨ បញ្ចប់ដោយភាពជោគជ័យ !