(ភ្នំពេញ)៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា បានចុះអនុសារណៈ ជាមួយក្រុមហ៊ុនចំនួន៣ មានដូចជាក្រុមហ៊ុនកែបស្តារ, ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ និងក្រុមហ៊ុន Fourtitute Asia សហការគ្នាចាប់ផ្ដើមបង្កើត នូវប្រព័ន្ធឌីជីថលអេកូស៊ីស្ទឹម (Digital Eco System) ដើម្បីជួយសម្រួលដល់កំណើនសេដ្ឋកិច្ច ដែលនេះគឺជាការបង្ហាញវត្តមានលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដោយចំណាយទឹកប្រាក់ប្រមាណ ៧០លានដុល្លារ សម្រាប់គម្រោងមួយនេះ នៅត្រឹមឆ្នាំ២០២១ខាងមុខ។
គោលដៅចម្បង ដែលក្រសួងប្រៃសណីយ៍ សហការជាមួយក្រុមហ៊ុនទាំង៣ គឺមានបំណង ដើម្បីស្ថាបនានូវមជ្ឃមណ្ឌលទិន្នន័យ (Data Center) ដែលអាចផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធមួយច្បាស់លាស់ សម្រាប់អ្នកប្រើប្រាស់ និងផ្ដល់សេវាកម្ម Cloud និង សេវាកម្មផ្សេងៗ ដូចជាភាពមិនអសកម្ម នៃអាជីវកម្ម (Business Continuity) និងការការពារហានិភ័យ (Disaster Recovery)។
លោក កាន់ ច័ន្ទមេត្តា បានថ្លែងឲ្យដឹងថា «យើងត្រូវបង្កើតប្រព័ន្ធការពារ នូវរាល់ទិន្នន័យទាំងអស់ ទាំងទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យរបស់ឯកជន និងទិន្នន័យរបស់ក្រុមហ៊ុន។ ក្រៅពីបង្កើតប្រព័ន្ធឌីជីថល ក្រសួងក៏បានស្នើសុំឲ្យដៃគូសហការ ចូលរួមជួយលើកស្ទួយវិស័យធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា និង អភិវឌ្ឍន៍ផ្នែកជំនាញ ដូច្នេះខាងនិស្សិត ដែលបានបញ្ចប់ការសិក្សា ផ្នែកអាយធីស៊ី នៅសាកលវិទ្យាល័យ សូមលើកទឹកចិត្តឲ្យពួកគាត់ បង្វែងចំណាប់អារម្មណ៍ ទៅលើជំនាញ ផ្នែកសន្តិសុខព័ត៌មាន នេះតែម្ដង»។
លោកបានបន្តទៀតថា «មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានសហការជាមួយក្រសួងអប់រំ ដើម្បីបញ្ជ្រាបចំណេះដឹង ផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ ដល់សិស្សនៅតាមវិទ្យាល័យ នៅតាមបណ្ដាខេត្តផ្សេងៗ ដើម្បីផ្សព្វផ្សាយវិស័យមួយនេះ ឲ្យកាន់តែទូលំទូលាយថែមទៀត។ ម្យ៉ាងវិញទៀត បន្ទាប់ពីសិស្សានុសិស្ស បានសិក្សាពីចំណេះដឹង ពាក់ព័ន្ធនឹងបច្ចេកទេសព័ត៌មាននេះហើយ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ច្រើន និងយល់ដឹងកាន់តែច្បាស់ ពីវិធីសាស្រ្តការពារទិន្នន័យរបស់ខ្លួន ដើម្បីកុំឲ្យជនខិលខូច លួចទិន្នន័យយកទៅ ហើយធ្វើឲ្យបាត់អស់រលីងនោះ ដូច្នេះសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាផ្នែក អាយធីស៊ី អាចអភិវឌ្ឃន៍ខ្លួន តាមរយៈការចូលបម្រើការងារ នៅក្នុងវិស័យពាណិជ្ជកម្មបែប Digital នៅក្នុងប្រទេសកម្ពុជាបាន»។
បន្ថែមពីលើនេះទៀត សហព័ន្ធនឹងបង្កើតឲ្យមាន កម្មវិធីបណ្ដុះបណ្ដាល សម្រាប់អ្នកជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងស្រុក រួមជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាសាកលវិទ្យាផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាច្រើន ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ដ៏ធំនៅក្នុងប្រទេសកម្ពុជាមួយនេះ នឹងធ្វើឡើងនៅលើផ្ទៃដីចំនួន ៥ហិចតា ដែលមានចំនួន ២កន្លែង ដោយចំណាយពេលសាងសង់ ប្រមាណចំនួន ១៨ខែ ទើបរួចរាល់ ដើម្បីអាចចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិរវឌ្ឃន៍ពាណិជ្ជកម្មបែបឌីជីថល ទៅថ្ងៃអនាគតបាន៕