(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ជាប្រភេទខ្សែកាប្តិ៍កប់ដី ត្រូវបានសាងសង់ដោយយកប្រភពពីអនុស្ថានីយ៍ទី២ នៅក្បាលថ្នល់ មកផ្គត់ផ្គង់ទីតាំងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់ជុំវិញ ដែលគម្រោងនេះគ្រោងដាក់ឲ្យដំណើការនៅចុងខែមេសា ឆ្នាំ២០១៨នោះ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានទៅវិញ ដោយសារខ្សែបញ្ជូនអគ្គិសនីនេះ ត្រូវបានក្រុមហ៊ុនខ្សែកាបអុបទិចខួងដាច់ជាអន្លើ ដែលទាមទារឲ្យមានការរុករកកំហូច តាមទីតាំងនីមួយៗ និងធ្វើការជួសជុលជាបន្ទាន់។
បើតាមអគ្គិសនីកម្ពុជា ខ្សែបណ្តាញនេះមានសារៈប្រយោជន៍ណាស់ ដោយមានសមត្ថភាពបញ្ជូនថាមពលប្រមាណ៣០០មេហ្គាវ៉ាត់ ឬស្មើនឹងប្រមាណជិត៤០% នៃតម្រូវការប្រើប្រាស់ ក្នុងរាជធានីភ្នំពេញទាំងមូល។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានស្នើសុំក្រសួងស្ថាប័ន មន្ទីរពាក់ព័ន្ធនានា និងអាជ្ញាធរដែនដី មេត្តាជួយសហការជាមួយអគ្គិសនីកម្ពុជាជាមុនសិន មុននឹងអនុញ្ញាតឲ្យក្រុមហ៊ុន ឬស្ថាប័នដែលពាក់ព័ន្ធ ធ្វើការជីក ឬខួងដីក្រោមដី ដើម្បីធានាបាននូវគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អាយុជីវិតជាយថាហេតុ នៅពេលមានភ្លើង ក៏ដូចជាការបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធដ៏មានតម្លៃនិងមានសារៈសំខាន់ ដែលអាចបង្កឲ្យមានការអាក់ខានការផ្គត់ផ្គង់ថាមពល ជូនដល់សាធារណៈជនទាំងមូលរយៈពេលយូរ៕