(ភ្នំពេញ)៖ កម្មវិធីការប្រកួតពានរង្វាន់ Camboida ICT Awards 2018 រកឃើញម្ចាស់ជ័យលាភីលេខ១, លេខ២ និងលេខ៣ហើយ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

កម្មវិធីពានរង្វាន់ Cambodia ICT​ Award 2018 ត្រូវបានរៀបចំឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និង វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ សម្រាប់ការប្រគល់រង្វាន់វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមការចូលរួមជាអធិបតីភាពរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធី Cambodia ICT Award 2018 ជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ដែលផ្ដល់ឱកាសក្នុងជំរុញវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជាលើកទឹកចិត្តក្នុងការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័ន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព៌ត៌មាននានា ក្នុងប្រទេស​កម្ពុជា។

សម្រាប់ជ័យលាភីទាំង៣នេះ បានទៅលើក្រុមហ៊ុនដូចជា៖

១៖ ជ័យលាភីលេខ១​ បានទៅលើ ក្រុមហ៊ុន Morakot VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន Morakot Technology ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់លើប្រព័ន្ធធនាគារ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ហាងបញ្ចាំង និងប្រតិបត្តិករ ឥណទាន ដោយឈ្នះរង្វាន់​១ម៉ឺនដុល្លារ។

២៖ ជ័យលាភីលេខ២ បានទៅលើកក្រុមហ៊ុន Soyo (Cambodia) បង្កើតឡើងដោយក្រុមហ៊ុន Soyo Entertainment Co.,Ltd ជាកម្មវិធី​ទស្សនាភាពយន្ដដំបូងគេបំផុតនៅកម្ពុជា ដោយបណ្ដុំទៅដោយភាពយន្ដ ខ្មែរ, ថៃ, ចិន, កូរ៉េ និងហូលីវូដ រាបពាន់រឿង ដោយមានការសម្រួល​ជាភាសាខ្មែរ ដោយទទួលបានរង្វាន់ចំនួន៣ពាន់ដុល្លារ។

៣៖ ជ័យលាភីលេខ៣ បានទៅលើក្រុមហ៊ុន BanhJi បង្កើតឡើងដោយក្រុមហ៊ុន PCG& Partners Co., Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ​ (FinTech) ដែលផ្ដោតសំខាន់ក្នុងការគាំទ្រ សហគ្រាសធុនតូច និងមធ្យម ដោយទទួលបានប្រាក់រង្វាន់ចំនួន២ពាន់ដុល្លារ។

ក្រុមហ៊ុន ដែលទទួលបានជ័យលាភីទាំង៣ នឹងត្រូវអញ្ជើញចូលរួមក្នុងពិព័រណ៍ Echelon Summit 2018 នៅក្នុងប្រទេសសិង្ហបុរី និងចូលរួម​ប្រកួត​បន្ដ សម្រាប់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន (ASEAN ICT Awards)។

សូមបញ្ជាក់ថា ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards) ២០១៨ បានផ្ដល់នូវរង្វាន់ចំពោះសមិទ្ធិផល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេសកម្ពុជា៕