(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានបង្ហាញអំពីការងឿយឆ្ងល់មួយថា រវាងអ្នកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងអ្នកដែលរារាំងប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត តើនរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យពិតប្រាកដ។ ជាមួយគ្នានេះសម្តេចជឿជាក់ថា អ្នកបំផ្លាញប្រជាធិបតេយ្យពិតប្រាកដ គឺជាអ្នករារាំងដល់ការបោះឆ្នោតនេះតែម្តង មិនមែនអ្នកចូលរួមបោះឆ្នោតនោះទេ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅមានក្រុមមួយក្តាប់តូច រួមទាំងជនបរទេសមួយចំនួន បានរិះគន់វាយប្រហារមកលើអ្នកចូលរួមបោះឆ្នោតទាំង២០គណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជាថា កំពុងបំផ្លាញលទ្ធិប្រជាធិ​បតេយ្យ ដែលចំណុចនេះ ធ្វើឱ្យមានការងឿយឆ្ងល់ជាខ្លាំង។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនយល់ទេ ពេលដែលយើងដំណើរការបោះឆ្នោត ដែលមានបក្សចូលរួមរហូតដល់២០ ត្រូវបានគេប្រសិទ្ធនាមថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ យើងចង់សួរថា តើអ្នកបំផ្លាញដល់ការបោះឆ្នោតនេះ ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ឬជាអ្នកគាំទ្រប្រជាធិបតេយ្យ ហើយក៏សុំសួរទៅជនបរទេសមួយចំនួនថា អ្នកបានគាំទ្រមនុស្ស១ក្រុមតូច​ ដែលបាត់បង់សិទ្ធិដោយសារតែកំហុសដែលគេបានកសាងនូវអំពើក្បត់ជាតិ ហើយគេមិនបានចូលរួមការបោះឆ្នោតនោះថា នៅពេលដែលមានការបោះឆ្នោតមួយ ដែលមាន២០គណបក្សនយោបាយចូលរួម តើអ្នកគាំទ្រឱ្យ ២០គណបក្សនយោបាយបោះឆ្នោត ឬក៏អ្នកគាំទ្រឱ្យ ១គណបក្សដែលថា បំផ្លាញការបោះឆ្នោត?»

ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសបន្តទៀត។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយទាំងថ្មីទាំងចាស់ចំនួន២០ ចុះឈ្មោះចូលរួម និងដាក់បេក្ខជន។ ទោះជាយ៉ាងណា អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការរកឃើញ និងកាត់ទោសអំពីអំពើក្បត់ជាតិជាប្រព័ន្ធ ឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ។

មេដឹកនាំគណបក្សនេះ រួមទាំងជនបរទេសមួយចំនួនទៀត ដែលជាបក្ខពួករបស់ពួកគេ បានប្រើប្រាស់គ្រប់មធ្យោបាយ ហើយចោទប្រកាន់ថា ការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ មិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ហើយពួកគេបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត បើសិនជាគណបក្សសង្រ្គោះជាតិ នៅតែមិនបានចូលរួមប្រកួតប្រជែងទេនោះ។ មេដឹកនាំអតីតបក្សប្រឆាំង ក៏បានវាយប្រហារទៅលើគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ឆ្នាំ២០១៨ថា ជាគណបក្សអាប គណបក្សទប់ជើងគ្រែ គណបក្សអំពិលអំពែកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការអំពាវនាវបែបនេះ គឺជាការបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ សម្តេចថ្លែងថា «អ្នកបំផ្លាញប្រជាធិបតេយ្យជានរណា គឺអ្នកដែលអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត»

សម្តេចបានបន្ថែមទៀតថា ការប្រមាថទៅលើគណបក្សដទៃធ្ងន់ធ្ងរបែបនេះ គឺជាកំហុសនយោបាយដ៏ធ្ងន់ធ្ងររបស់អតីតមេដឹកនាំ គណបក្សប្រឆាំង ដែលធ្វើឱ្យខ្លួនឯងមានសត្រូវរហូតដល់២០គណបក្សនយោបាយ។ សម្តេចបានបញ្ជាក់ថា កន្លងទៅ មានមេប​ក្សមួយចំនួន ទ្រាំមិនបាន និងចេញមុខវាយប្រហារតបវិញរួចហើយផងដែរ៕