(កំពត)៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បានបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀត ចំពោះការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព តាមរយៈការផ្តល់អំណោយ ជាអំពូលភ្លើងសូឡា ចំនួន១៥០គ្រឿង ជូនដល់ ប្រជាពលរដ្ឋដែលកំពុងរស់ នៅក្នុងភូមិចំនួន៣ គឺភូមិមនោសុខ ភូមិវាលក្រសាំង និងភូមិចម្ការមន ក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។

តាមរយៈគម្រោង «ការផ្តល់អំណោយអំពូលភ្លើងសូឡាដល់សហគមន៍» ក្រុមហ៊ុន អ៊ីដតខូ សង្ឃឹមថានឹងអាចជួយ សម្រាលបន្ទុកទាំងឡាយ ដែលសមាជិកសហគមន៍កំពុងជួបប្រទះ និងបន្តជំរុញលើកទឹកចិត្ត ដល់ការអនុវត្តប្រកបដោយនិរន្តរភាព។

ការបរិច្ចាគនេះ គឺជាលើកទី៣ហើយ ដែលកាលពី២លើកដំបូង ត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា និងខែឧសភាឆ្នាំនេះ ក្រុមហ៊ុន អ៊ីដតខូ បានផ្តល់អំណោយជាអំពូលភ្លើងសូឡា ចំនួន១៣៣គ្រឿង ដល់ប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិជ័យតាស្វាយ ភូមិព្រៃពាយ និងមណ្ឌលសុខភាព ចំនួន២កន្លែងទៀត គឺមណ្ឌលសុខភាពតាកែន និងមណ្ឌលសុខភាពត្រពាំងភ្លាំង រួមទាំងប្រជាការពារសហគមន៍ចំនួន៥ភូមិ ក្នុងឃុំតាកែន ស្រុកឈូក។

លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា បានថ្លែងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីបម្រើសេចក្តីត្រូវការ និងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ជនបទ ស្របពេលទៅនឹងការបន្តពង្រឹង និងចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។

លោកថា «ក្រុមហ៊ុន អ៊ីដតខូ ប្តេជ្ញាថា នឹងក្លាយជាក្រុមហ៊ុនអាជីវកម្មមួយ ដែលទទួលខុសត្រូវខ្ពស់ចំពោះសង្គម តាមរយៈការ ជំរុញឲ្យមានការអភិវឌ្ឍសហគមន៍ ប្រកបដោយនិរន្តភាពក្នុងប្រទេស ឬតំបន់ដែលយើងធ្វើប្រតិបត្តិការ។ នៅពេលអាជីវកម្មរបស់យើងរីកចម្រើន យើងក៏ចង់ឃើញ សហគមន៍ទាំងឡាយ ទទួលបានភាពរីកចម្រើនជាមួយយើងផងដែរ»

នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា បន្ថែមថា អំពូលភ្លើង ដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានទាំងនេះ នឹងជួយសម្រាលទុក្ខលំបាករបស់គ្រួសារនីមួយៗ សម្រាប់ការរស់នៅប្រចាំថ្ងៃ មិនថាក្នុងរដូវប្រាំង ឬរដូវវស្សានោះឡើយ ជាពិសេសជួយលើកកម្ពស់ជីវភាព រស់នៅរបស់ពួកគេ ឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។

វាផ្តល់នូវសុវត្ថិភាពខ្ពស់ ហើយក៏មិនចាំបាច់ព្រួយបារម្ភពីហានិភ័យ ដែលអាចនឹងកើតឡើងដូចកាលពីពេលប្រើចង្កៀងប្រេងកាតនោះដែរ។ គំនិតផ្តួចផ្តើម នេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រជាពលរដ្ឋផងដែរ។

ផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវចំពោះសង្គម របស់យើង គឺបង្កើតភាពជាដៃគូសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយយើងសង្ឃឹមថា យើងនឹងនៅតែអាចផ្គត់ផ្គង់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិទាំងមូល។ នេះជាការបញ្ជាក់របស់លោក Phillip Wong។

ក្រៅពីការផ្តល់អំណោយ ជាអំពូលភ្លើងសូឡាទាំង ២៨៣គ្រឿង ក្រុមហ៊ុន អ៊ីដតខូ និងក្រុមហ៊ុនដៃគូអាជីវកម្ម ក៏បានចែកកង់ចំនួន ៦០គ្រឿង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចំនួន ១៦០កញ្ចប់ ដែលក្នុងនោះរួមមានសម្ភារ ប្រើប្រាស់ក្នុងបន្ទប់ទឹកថ្នាំពេទ្យ និងក្រមាព្រមទាំងសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕