(ត្បូងឃ្មុំ)៖ ពីខេត្តត្បូងឃ្មុំ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា កម្ពុជាជាប្រទេសប្រកាន់យក របបប្រជាធិបតេយ្យសេរីពហុបក្ស ពោលគឺជាប្រទេសមានគណបក្ស នយោបាយច្រើន ហើយប្រជាពលរដ្ឋមាននិន្នាការគាំទ្រ គណបក្សនយោបាយផ្សេងៗគ្នា តែការសំខាន់បើទោះបីជាបងប្អូន ស្ថិតក្នុងគណបក្សនយោបាយណាក៏ដោយចុះ រឿងសំខាន់គឺក្នុងនាមជាខ្មែរយើងត្រូវតែ ប្រមូលផ្តុំបញ្ញាញាណ និងឆន្ទៈចូលរួមកសាងជាតិ។

រដ្ឋមន្ត្រី វង សូត បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានគណបក្ស នយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែងតាមគោលការណ៍ប្រជាធិបតេយ្យសេរី។ ដូច្នេះនៅថ្ងៃបោះឆ្នោតនោះបងប្អូនដែលជា ម្ចាស់ឆ្នោតអាចធ្វើការជ្រើសរើស ពោលគឺគូសឲ្យគណបក្សនយោបាយណាមួយ ដែលបងប្អូនពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មាននរណាម្នាក់ដឹងថា បងប្អូនបោះឆ្នោត ឲ្យគណបក្សណាទេ ព្រោះការបោះឆ្នោតធ្វើឡើងដោយសំងាត់ នៅក្នុងបន្ទប់សំងាត់។ ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោក និងលោកជំទាវ បានចូលរួមនៅក្នុងពិធីជួបជុំមួយ នៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ។

ក្នុងឱកាសនេះ លោក វង សូត បានថ្លែងនូវការកត់សម្គាល់ ចំពោះរដ្ឋបាល ឃុំវាលម្លូរ ក្រោមការ ជួយជ្រោមជ្រែងរបស់ក្រុមការងារចុះជួយមូលដ្ឋាន ដែលបានខិតខំ ក្នុងការ បំរើសេវាជូនពលរដ្ឋក្នុងមូល ដ្ឋាន ជាពិសេសសេវាសាធារណៈដែលជាកិច្ចការដ៏មានសារៈសំខាន់ដែលអាជ្ញាធរត្រូវផ្តល់ជូនប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ លោក វ​ង សូត ក៏បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍជាតិ ការផ្តល់អ្វីៗសព្វបែបយ៉ាងទៅអោយប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលត្រូវយល់អំពីរឿងនេះ ហើយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន ជាពិសេសជម្រុញការអភិវឌ្ឍជាតិអោយឈានឡើងខ្ពស់បន្ថែមទៀត ខណៈដែល បច្ចុប្បន្ននេះកំណើនសេដ្ឋកិច្ចជាតិកំពុងមានអត្រាល្អប្រសើរក្នុងរង្វង់ ៧% ហើយថាអ្វីៗទាំងអស់នឹងកាន់ តែប្រសើរឡើងបន្ថែមទៀត ប្រសិនបើប្រទេសជាតិយើងរក្សាបាននូវសុខសន្តិភាពនៅក្នុងក្របខ័ណ្ឌទូទាំង ប្រទេសដូចសព្វថ្ងៃនេះ។

រដ្ឋមន្ត្រី វង សូត បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលយើង ត្រូវតែរួបរួមគ្នាថែរក្សាវាអោយបានជានិច្ចនិរន្តន៍ ព្រោះខ្មែរបានភ្លក្ស ហើយនូវរសជាតិសង្គ្រាម កាលពីអតីត កាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទើបតែអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨៕