(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ នៅថ្ងៃនេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ជិត៧ពាន់នាក់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចបន្តដឹកនាំប្រទេសឆ្ពោះ ទៅរកការវិវឌ្ឍរីកចំរើនបន្ថែមទៀត។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន និងសហការី ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋមកពីឃុំរអាង និងឃុំទ្រាននៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ៦,៦០០នាក់ ស្ថិតក្នុងបរិវេណព្រលានយន្តហោះ ក្នុងភូមិរមូល ឃុំរអាង នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា គ.ស ២០១៨។

ក្នុងឱកាសនោះផងដែរ លោក វេង សាខុន ក៏បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូយកចិត្តទុកដាក់ ពីបញ្ហាជីវភាព និងសេចក្តីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ជាមួយគ្នានោះ លោកបានបង្ហាញជូនប្រជាពលរដ្ឋ ពីសមិទ្ធផលសំខាន់ៗ និងផែនការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត របស់សម្តេចតេជោសែន ដែលមានដូចខាងក្រោម៖

១៖ ឆន្ទះផ្សះផ្សា និងស្វែងរកសន្តិភាព ឈានទៅធ្វើការចរចារ នៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទូទាំងប្រទេស នាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ។

២៖ អនុវត្តគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋទទួលបាននូវសិទ្ធិរស់រានមានជីវិត សេរីភាព ស្ថិរភាព និងសុខសុវត្តិភាពគ្រួសារនិងសង្គម។

៣៖ អ្វីៗគ្រប់យ៉ាង ដែលត្រូវបានបំផ្លាញដោយសារសង្គ្រាម សម្តេចបានដឹកនាំប្រទេសឲ្យមានឧត្តម្ភភាព វឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាជំហានៗ ពិសេសវិស័យសេដ្ឋកិច្ចក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។

៤៖ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលមានបច្ចុប្បន្ន បានស្រូបយកពលកម្មប្រមាណ ១.២លាននាក់។ គោលនយោបាយទាក់ទាញ ការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ ការគាំពារសង្គម សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការបន្តកាត់បន្ថយសេវកម្មសាធារណៈផ្សេងៗ ដែលធ្លាប់ជាបន្ទុកចំណាយរបស់ប្រជាជន។

៥៖ ទស្សនវិស័យសម្រាប់ឆ្នាំ២០៣០ គឺប្រែក្លាយប្រទេស ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ដើម្បីសម្រេចបាននូវឆន្ទះនេះ សម្តេចបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាងការអភិវឌ្ឍឧស្សាហកម្មអគ្គិសនី ដើម្បីកាត់បន្ថយថ្លៃដើមផលិត បម្រើឲ្យសេចក្តីត្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលអនាគត។

៦៖ សម្តេច ក៏បានគិតគូយ៉ាងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាព និងទុក្ខលំបាកប្រចាំថ្ងៃ និងចំពោះមុខ លប់បំបាត់ចំណាយលើសេវាផ្លូវការ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព គោលនយោបាយ ក៣ (កើត ការ និងការទទួលមរណភាព) តាមរយៈការធ្វើលិខិតជូនប្រជាពលរដ្ធ ដោយមិនត្រូវការបង់សេវា និងថែមទាំងឧបត្ថម្ភថវិកាមួយចំនួន ជូនប្រជាពលរដ្ធផង និងការគាំពារស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ -ល-៕