(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវសាជាថ្មីដល់កងទ័ពទាំងអស់ រួបរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីការពារសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន និងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីរក្សាបានសុខសន្តិភាពជូនប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា។
ការអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីបញ្ជាការកងវរសេនាតូចលេខ៨៦ ដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម ជូនទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីក្រសួងពាណិជ្ជកម្ម នាយទាហាន នាយទាហានរង និងពលទាហានជាង ៣០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងពីគុណបំណាច់ដ៏ថ្លៃថ្លារបស់កងព័ទជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ព្រមទាំងគុណតម្លៃសន្តិភាព ដែលប្រសូត្រចេញពីគោលនយោបាយនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ឱកាសជូនប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការលើកស្ទួយនីតិរដ្ឋ សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរបស់ប្រជាជនគ្រប់រូប។
«ឈរលើមូលដ្ឋានសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានធ្វើឱ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% រៀងរាល់ឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៦ និងបានកំពុងធ្វើដំណើរក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ចាក់។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ អញ្ជើញនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីទទួលបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេស ឆ្ពោះទៅរកត្រើយសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពគ្រប់វិស័យ។
បន្ថែមលើនេះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារជាតិ និងមាតុភូមិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជា ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោករដ្ឋមន្ត្រី បាននាំយកអំណោយមួយចំនួន ប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ មានដូចជា៖ (១) តុមូលដែកចំនួន ១០ឈុត, (២) កៅអីជ័រចំនួន ១០០, (៣) គ្រែសិក្ខាកាមចំនួន ៥០ឈុត, (៤) ស្រាបៀរចំនួន ១០០កេស, (៥) កូនឈើចំនួន ៥០០ដើម (៦), ថវិកាជប់លៀងបិទវគ្គសិក្ខាកាមចំនួន ៣,៧៥០ដុល្លារ និង២,៥០០,០០០៛, (៧) ថវិកាជូនកងទ័ពចំនួន ៤៧២នាក់ (ក្នុងម្នាក់ ២ម៉ឺនរៀល) និងជូនអង្គភាពចំនួន ២លានរៀល៕