(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញប្រកាសព័ត៌មានជាសាធារណៈ ដោយប្រកាសថា នឹងអនុវត្តច្បាប់ចំពោះជនទាំងឡាយណា ដែលប្រើប្រាស់ដោយគ្មានសិទ្ធិនូវ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ យានយន្តប្រើប្រាស់ដោយយោធា ឬកងរាជអាវុធហត្ថ និងការបង្កើតកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ ព្រមទាំងប្រកាស ជូនសាធារណជនឱ្យជ្រាបអំពីការពុំទាន់មានការជ្រើសរើសបំពេញក្របខណ្ឌកងរាជអាវុធហត្ថទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់បន្ថែមដល់អង្គភាពព័ត៌មាន Fresh News ថា «ការចេញសេចក្តីប្រកាសនេះ បានកើតឡើងក្រោយពីពេលថ្មីៗនេះ មានជនខ្លះ បានលួចក្លែងបន្លំស្លៀកពាក់ឯកសណ្ឋាន ការប្រើប្រាស់សញ្ញាណ ការប្រើស្លាកលេខរថយន្ត និងសញ្ញាផ្សេងៗ របស់អាវុធហត្ថ ឬយោធា រហូតមានចុះចាប់ខ្លួនជនសង្ស័យមួយចំនួន ដែលបានតាំងខ្លួនជាអាវុធហត្ថ រហូតជ្រើសរើសកងកម្លាំងខុសច្បាប់ទៀតផង»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ ក៏បានបញ្ជាក់ផងដែរ ជនទាំងឡាយណាដែលជ្រើសរើសកងកម្លាំងខុសច្បាប់ អាចប្រឈមមុខជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។
សូមបញ្ជាក់ថា ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
របាយការណ៍របស់កងរាជអាវុធហត្ថ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា បុគ្គលទាំង៦នាក់នោះ រួមមានទី១៖ឈ្មោះ ចក់ ស៊ាងលី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង, ទី២៖ឈ្មោះ អ៊ូ ផល្លី ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះ៨៩បេ ផ្លូវ២០៤សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, ទី៣៖ឈ្មោះ ច្រឹង វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ, ទី៤៖ឈ្មោះ គុំ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ, ទី៥៖ឈ្មោះ ជន សំរ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ កណ្តឹងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងទី៦៖ឈ្មោះ ឡៅ ប៉ោឃាង ភេទប្រុស អាយុ៤៧៕