(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនចិនម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ចាប់បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី គាស់ទូដែក លួចលុយ លួចប្លង់ដី និងលួចរថយន្ត ព្រមទាំងគំរាមកំហែងថៅកែរបស់ខ្លួន។
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបាននិងកំពុងស្ថិតក្រោមការសួរនាំ របស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់។
ជនសង្ស័យមានឈ្មោះ គឹម រិទ្ធធា អាយុ២៨ឆ្នាំ មានទីលំនៅឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ មន្រ្តីនគរបាលបានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជនជាតិចិនឈ្មោះ LI FEILONG ជាថៅកែរបស់ជនសង្ស័យ។
ជនសង្ស័យឈ្មោះ គឹម រិទ្ធធា ត្រូវបានដើមបណ្តឹងហៅទៅធ្វើការជាមួយ ដោយឲ្យប្រាក់ខែ១,០០០ដុល្លារក្នុងមួយខែ។
ក្រោយមក ដោយទុកចិត្តជនសង្ស័យ ទើបជនរងគ្រោះបានប្រគល់ការងារកាន់លុយកាក់ និងការសម្រេចចិត្តមួយចំនួនឲ្យជនសង្ស័យជាអ្នកសម្រេច។ ទើបជនសង្ស័យ មានឱកាសលួចលុយ ក្រុមហ៊ុន យកទៅទិញផ្ទះ នៅខេត្តសៀមរាប និងលួចយកប្លង់ដី របស់ជនរងគ្រោះចំនួន៨ប្លង់ទៀត។
នៅអំឡុងពេលជនរងគ្រោះ រវល់ការងារនៅប្រទេសចិន ជនសង្ស័យបានលួចរថយន្តរបស់ក្រុមហ៊ុន ចំនួន៤គ្រឿង ទៅលក់ និងបានគំរាមជនរងគ្រោះកុំឲ្យប្តឹងរូបគេ បានគេប្រគល់លុយលក់ រថយន្តនោះឲ្យ៕