(ម៉ូស្គូ)៖ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ដាណឺម៉ាក ស្មើគ្នា ១-១ ជាមួយអូស្រ្តាលី ចំណែកបារាំង កក់កៅអីទៅវគ្គ១៦ក្រុម ដោយឈ្នះប៉េរូ ខណៈអាហ្សង់ទីន ចាញ់ ក្រូអាត ៣-០។ (Fresh News TV ផ្សាយនៅម៉ោង១១៖៣០នាទី, ១២៖៣០នាទី និង១៣៖៣០នាទី)។
ទី១៖ ដាណឺម៉ាក ស្មើគ្នា ១-១ ជាមួយអូស្រ្តាលី
ក្រុមបាល់ទាត់ដាណឺម៉ាក បន្តរកបាន១ពិន្ទុបន្ថែម បន្ទាប់ពីមិនអាចរកជ័យជម្នះលើក្រុមបាល់ទាត់អូស្រ្តាលី ដោយធ្វើបានត្រឹមស្មើ (១-១) ប៉ុណ្ណោះ។ ដាណឺម៉ាក បានបើកការនាំមុខ១គ្រាប់មុនតាំងពីនាទីទី៦ តែត្រូវបានក្រុមពីទ្វីបអាស៊ី អូស្រ្តាលី តាមស្មើវិញនៅនាទីទី៣៣ ដោយបាល់ប៉េណាល់ទី (ពិន័យ១១ម៉ែត្រ)។ ការរកបាន ១ពិន្ទុបានធ្វើឲ្យដាណឺម៉ាក រកបាន ៤ពិន្ទុឡើងទៅឈរនៅកំពូលតារាងនៃពូល C ជាបណ្តោះអាសន្ន។
ទី២៖ បារាំង ឈ្នះក្រុមជម្រើសជាតិ ប៉េរូ
១គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯក World Cup 1998 បារាំង កើតឡើងនៅនាទីទី៣៨ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe។ ជ័យជម្នះក្នុងប្រកួតទី២នេះ ធ្វើឲ្យក្រុមខ្លាំងមកពីទ្វីបអឺរ៉ុបមួយនេះ រកបាន ៦ពិន្ទុ ហើយក៏អាចឡើងទៅកាន់វគ្គ១៦ក្រុមដោយសុវត្ថិភាព ទោះបីប្រកួតក្រោយក្រុមគេត្រូវចាញ់ក៏ដោយនោះ។
៣៖ អាហ្សង់ទីន ចាញ់ ក្រូអាត យ៉ាងអាម៉ាស់ ៣-០
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានឈានមកដល់មាត់ជ្រោះធ្លាក់ចេញពី World Cup 2018 ក្នុងពូល ក្រោយចាញ់ក្រុមនៅអឺរ៉ុប ក្រូអាត ៣-០ ក្នុងវគ្គសន្សំពិន្ទុនៃពូល D។ ៣គ្រាប់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រូអាត ដែលស៊ុតទៅលើក្រុមរបស់ Lionel Mess បានកើតឡើងនៅនាទីទី៥៣, នាទីទី៨០ និងនាទីទី ៩០+៣ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៣១២៩នាក់។
តាមរយ:ជ័យជម្នះលើកទី២នេះ បានធ្វើឲ្យក្រូអាតក្លាយជាក្រុមទី៤ ដែលបានកក់កៅអីទៅវគ្គ១៦ក្រុម បន្ទាប់ពីអ៊ុយរ៉ាហ្គាយ បារាំង និងម្ចាស់ផ្ទះរុស្ស៊ី ហើយអាហ្សង់ទីន នឹងហាលអាវយ៉ាងប្រាកដ ប្រសិនបើអាយឡែន យកឈ្នះនីហ្សេរីយ៉ាស្អែកនេះ មុនពេលទប់ស្មើក្រូអាត ទោះអាហ្សង់ទីន ប្រកួតឈ្នះនៅថ្ងៃបញ្ចប់ក៏ដោយ ដែលត្រូវជួបនីហ្សេរីយ៉ានោះ៕