(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួន ដែលរៀបចំធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ។
ថ្លែងនៅក្នុងកិច្ចប្រជុំ សម្តេចក្រឡាហោម បានឲ្យដឹងថា ការកោះប្រជុំលើកទី១៦ របស់ គ.ជ.អ.ប. នាពេលនេះ គឺមានគោលបំណងត្រួតពិនិត្យលើស្ថានភាព នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុង ឆមាសទី១ នៃឆ្នាំ២០១៨នេះ តាមរយៈការរៀបចំ និងការអនុវត្តផែនកាសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប. ដែលបានពិនិត្យពិភាក្សា ក្នុងកិច្ចប្រជុំលើកទី១៥ របស់ គ.ជ.អ.ប នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានរំលឹកជូនអង្គប្រជុំថា ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប. គឺជាផែនការអនុវត្តឆ្នាំទី១ នៃផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីធានាដល់ការ ពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ឲ្យបានពេញលេញ និងមាននិរន្តរភាព ក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួលការងារកំណែទម្រង់ ដ៏មានសារៈសំខាន់ នេះ យើងបានឯកភាពគ្នាថា ចាប់ពីឆ្នាំ២០១៨នេះតទៅ ត្រូវដាក់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប. ទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ។
សម្ដេចក្រឡាហោម បន្ដថា ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវប្រើប្រាស់ថវិការបស់ខ្លួន សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការអនុវត្តសកម្មភាពស្នូលនានា នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំនួសឲ្យការប្រើប្រាស់ថវិកា ដែលធ្លាប់បានទទួលពី «ថវិកាកញ្ចប់រួម» របស់គ.ជ.អ.ប ដែលជាហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍន៍ បន្ទាប់ពីដៃគូអភិវឌ្ឍន៍មួយចំនួន បានបញ្ចប់ការគាំទ្ររបស់ខ្លួន នៅចុងឆ្នាំ២០១៧។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ ដែលមានចែងក្នុងរបៀបវារៈ រួមមាន៖
ទី១៖ ការពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៥ របស់ គ.ជ.អ.ប
ទី២៖ ការពិនិត្យ ពិភាក្សាលើស្ថានភាព នៃការអនុវត្ដផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៨ របស់ គ.ជ.អ.ប សម្រាប់ឆមាសទី១
ទី៣៖ ការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីណែនាំស្ដីពី ការរៀបចំយន្ដការរបស់រដ្ឋបាលថ្នាក់ជាតិនីមួយៗ សម្រាប់ដឹកនាំសម្របសម្រួល និងគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ទី៤៖ ការពិនិត្យ លើស្ថានភាពនៃការផ្ទេរមុខងារ និងការអនុវត្ដមុខងារ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៥៖ ការពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងដំណោះស្រាយ បញ្ហាប្រឈមនៃការរៀបចំយន្ដការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៦៖ ការពិនិត្យ ពិភាក្សាលើលទ្ធផលនៃការសិក្សា អំពីលទ្ធភាពសម្រាប់ការដាក់ឲ្យដំណើរការ នូវសាលាជាតិរដ្ឋបាលមូលដ្ឋាន
ទី៧៖ បញ្ហាផ្សេងៗ ដែលរួមមាន២បញ្ហា គឺការជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងបុគ្គលិក នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង នៅថ្នាក់ក្រុង ស្រុក៕