(ភ្នំពេញ)៖ ស្ថានភាពរបួសរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធូរស្រាលមួយកម្រិតហើយ។ គ្រាដែលដឹងព្រះកាយនោះ ព្រះអង្គបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានបង្ហាញការព្រួយបារម្ភចំពោះព្រះសុខភាពទ្រង់ ហើយអំពាវនាវដល់អ្នកគាំទ្រទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន។ នេះបើតាមការបញ្ជាក់របស់ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «រហូតដល់ថ្ងៃនេះ ព្រះអង្គ លោកស្រួលព្រះកាយច្រើនមែនទែន ហើយលោកសូមអរគុណចំពោះសាធារណជន ក៏ដូចជាប្រជារាស្រ្តទាំងអស់ ដែលចូលរួមចែករំលែកទុក្ខចំពោះបញ្ហាដែលកើតមានឡើង ប៉ុន្តែព្រះអង្គលោកអត់ទាន់ដឹងថា អ្នកម្នាងយ៉ាងម៉េចនៅឡើយទេ ហើយព្រះអង្គលោក ក៏សូមអំពាវនាវឱ្យប្រជារាស្រ្តទាំងអស់ កុំភ្លេចទៅបោះឆ្នោត នៅខែក្រោយនេះ»។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសមួយចំនួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុក ក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។
លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា ទោះបីជា សម្តេចក្រុមព្រះបានអវត្តមាន ដោយសារត្រូវសម្រាកព្យាបាលព្រះរាជសុខភាពនៅក្រៅប្រទេស ប៉ុន្តែគណបក្សហ្វ៊ុនស៊ិនប៉ិច មិនបោះបង់ចោលនូវបេសកកម្ម ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ខាងមុខនេះឡើយ ហើយពេលនេះ គណបក្សក៏កំពុងរៀបចំបុណ្យសព៧ថ្ងៃ របស់អ្នកម្នាងបន្តទៀតផងដែរ។
លោកបានបញ្ជាក់ថា តាមការរៀបចំរបស់សម្តេចក្រុមព្រះ គឺគណបក្សហ៊្វុនស៊ិនប៉ិចពេលនេះ ដឹកនាំដោយគណៈកម្មការពិសេសចំនួន៤រូប ដែលក្នុងនោះរួមមាន៖ ទី១. លោក យូ ហុក្រី អនុប្រធានបក្ស ទី២. លោក ប៉ោ ប៊ុនស្រុឺ អនុប្រធានបក្ស ទី៣ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យ និងមួយរូបទៀត គឺលោក យឹម សាវី អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច។ ចំណាត់ការនេះត្រូវបានចាត់តាំងដោយ សម្តេចក្រុមព្រះ ជាយូណាស់មកហើយ៕