(ភ្នំពេញ)៖ លោកឧកញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុនវាសនា ម៉ារីយ៉ា អិន វេស មេន គ្រុប និងក្រុមសហស្ថានិក បានពេលថ្មីៗនេះ បានបង្កើតនិងទទួលបាននូវការ ប្រកាសទទួលស្គាល់ ការចុះបញ្ជីសមាគមជាផ្លូវការមួយ ឈ្មោះថា «សមាគមពាណិជ្ជកម្មឥស្លាមកម្ពជា» (Cambodia Islamic Business Association ហៅកាត់ថា CIBA ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ខ្មែរ ជាពិសេសខ្មែរឥស្លាម ក្នុងវិស័យពាណិជ្ជកម្ម។
បើតាមលោកឧកញ៉ា លី វាសនា និងលោកស្រី ដាតុ (ឧកញ៉ា) ម៉ាន ម៉ារីយ៉ាន ដែលជាអ្នកជំនួញជនជាតិខ្មែរ-ឥស្លាម និងត្រូវបានកត់សម្គាល់ថា ជាសហគ្រិនខ្មែរ-ឥស្លាម វ័យក្មេងផងដែរនោះ បានឲ្យដឹងថា ការបង្កើតសមាគមនេះ ដោយលោកគិតថា បច្ចុប្បន្នវិស័យពាណិជ្ជកម្ម ជាវិស័យអទិភាពសម្រាប់ ចូលរួមអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។
លោកឧកញ៉ាបន្តថា សមាគមនេះ ក៏និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង សាមគ្គីភាពរវាងពាណិ្ជករ និងពាណិជ្ជករខ្មែរឥស្លាម តាមរយៈកម្មវិធីជួបប្រជុំផ្សេងៗ ហើយលោកឧកញ៉ា សូមអញ្ជើញពាណិជ្ជករ និងពាណិជ្ជករខ្មែរឥស្លាមទាំងអស់ គាំទ្រនិងចូលរួមទាំងអស់គ្នា។
លោកឧកញ៉ា បានបន្ថែមទៀតថា គោលបំណងដែលលោកឧកញ៉ា បង្កើតសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជានេះឡើង ក្នុងគោលបំណង ក្នុងការចងក្រង និងបង្កើតសាមគ្គីភាពរវាងអាជីវករ សហគ្រិន អ្នកជំនួញ វិនិយោគិន នានា ដើម្បីផ្លាស់ប្តូរគំនិត ចំណេះដឹង បទពិសោធន៍ លើវិស័យពាណិជ្ជកម្ម។
ប្រធានសមាគមរូបនេះ បានលើកឡើងផងដែរថា សមាគមនេះ និងខិតខំលើកស្ទួយ គាំទ្រ បណ្តុះបណ្តាលចំណេះដឹងព័ត៌មានពាណិជ្ជកម្ម ជំរុញកៀងគររកដៃគូរ និងសហកាដឹកនាំសហគ្រិន និងសហគ្រិន ដែលទើបបង្កើតថ្មី ចូលទៅក្នុងវិស័យពាណិជ្ជម្ម និងអាចចូលទៅក្នុងទីផ្សារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលលោក ព្រមទាំងចូលរួម ជាមួយស្ថាបនពាណិជ្ជកម្ម និងសង្គមនានា ដើម្បីឲ្យមានការរីកចម្រើន ផ្នែកសេដ្ឋកិច្ចដល់សមាជិក សមាជិកា ឬសហគ្រិន និងប្រទេសជាតិ ។
ជាមួយគ្នានោះ លោកឧកញ៉ា លី វាសនា ក៏បានអំពាវនាវដល់សហគ្រិន អ្នកជំនួញ អ្នកវិនិយោគិន ដែលកំពុងប្រកបអាជីវកម្មនានា ដូចជាវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ សំណង់ និងវិស័យអចលនវត្ថុ -ល- អាចចូលរួមជាសមាជិក សមាជិកា សមាគមពាណិជ្ជកម្មឥស្លាមកម្ពុជាបាន។
លោកឧកញ៉ា គូសបញ្ជាក់ថា សមាគមនេះ មានគោលដៅជ្រើសរើសតែងតាំងសមាជិក សមាជិកាមួយចំនួន ជាប្រធានសាខាសមាគមពាណិជ្ជម្មឥស្លាមកម្ពុជា ប្រចាំ២៥ រាជធានី-ខេត្ត ក្រុងទូទាំងប្រទេសកម្ពុជាផងដែរ ដើម្បីឲ្យងាយស្រួល ក្នុងការប្រតិបត្តិការងារសមាគម៕