Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតបុគ្គលិកស្ថានទូតអាមេរិក ៣០រូប ចូលបំភ្លឺនៅក្រសួងការងារ​ ជុំវិញរឿងបណ្ដេញចេញ​ យ៉ាងអយុត្តិធម៌

22-06-2018 08:55

(ភ្នំពេញ)៖ បន្ទាប់ពីដាក់ញ្ញត្តិ​ជាលើកទី២រួចរាល់ ​នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ ​អតីតបុគ្គលិកស្ថានទូតអាមេរិក៣០រូប ក្នុងចំណោម៣២រូប ដែលត្រូវបណ្ដេញចេញពីការងារយ៉ាងអយុត្តិធម៌នោះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានចូលទៅបំភ្លឺជូនក្រសួងការងារ និងបន្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយរកដំណោះស្រាយ ចំពោះការបណ្តេញចេញដែលពួកគេយល់ថាជារឿងអយុត្តិធម៌។

ថ្លែងប្រាប់អង្គភាព Fresh News ពីម្សិលមិញ លោក ឡុង សេងគឹមហុង អតីតបុគ្គលិកស្ថានទូតអាមេរិក​ បានបញ្ជាក់នេះថា ការចូលបំភ្លឺនេះ ធ្វើឡើងតាមការកំណត់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរកដំណោះស្រាយ។

សូមជម្រាបថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ​ អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពី ៥ឆ្នាំ ដល់ ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។

បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុង Group Messager ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ។

អតីតបុគ្គលិករបស់អាមេរិកទាំងនេះ បានបញ្ជាក់ថា ពួកគាត់ធ្លាប់​បានដាក់ញតិ្តរួចហើយទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងការបរទេសដើម្បីឲ្យជួយដោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់៕