Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: រដ្ឋមន្រ្តីក្រសួងព័ត៌មានរិះគន់ដល់រដ្ឋាភិបាលអូស្រ្តាលី ដែលរៀបចំច្បាប់មិនឱ្យបរទេសលូកលាន់ផ្ទៃក្នុងខ្លួន ប៉ុន្តែបែរជាមករិះគន់លើវិធានការកម្ពុជា (Video inside)

22-06-2018 08:34

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានរិះគន់យ៉ាងចាស់ដៃដល់រដ្ឋាភិបាលប្រទេសអូស្រ្តាលី ដែលបានរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីឡើយ ប៉ុន្តែប្រទេសនេះនាពេលកន្លងទៅ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។

លោក ខៀវ កាញារីទ្ធ បានអះអាងនៅតាមបណ្តាញសង្គម Facebook ថា នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា The Espionage and Foreign Interference bill ដែលសំដៅទប់ការលូកលាន់របស់បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត (ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ...)។

លោករដ្ឋមន្រ្តី បានបន្តអះអាងតាមរយៈ Facebook ថា «គាត់ចេញច្បាប់ក្នុងស្រុកគាត់ទប់មិនឲ្យគណបក្សនយោបាយស្រុកគាត់មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែមករិះគន់កម្ពុជា ដែលមានវិធានការចំពោះបក្សដែលប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។ គិតទៅម្យ៉ាងដែរ អ្នកធំផោមគេថាតេជគុណដើរខ្យល់ស្រួលណាស់ អ្នកតូចផោមគេដេញធាក់តែអញ្ចឹង»៕