(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រ ចំពោះសំណើសុំផ្សាយផ្ទាល់របស់ទូរទស្សន៍ NiceTV អំពីព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ដែលគ្រោងនឹងរៀបចំឡើង នៅទីក្រុងណាននីងក្នុងតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១២ ដល់ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។
ការផ្តល់ភ្លើងខៀវរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោក ជេសុន លីស (Jason Liu) នាយកផ្នែកប្រតិបត្តិរបស់ស្ថានីយទូរទស្សន៍ NiceTV កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះ លោក ជេសុន លីស បានស្នើសុំកិច្ចសហការពីក្រសួងពាណិជ្ជកម្ម ដើម្បីផ្សាយផ្ទាល់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ដើម្បីចែករំលែកឲ្យបានទូលំទូលាយ អំពីសកម្មភាពទូទៅនៃពន្លាជាតិរបស់កម្ពុជា និងការចូលរួមរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំផ្សេងៗសំដៅរួមចំណែកលើកស្ទួយកិត្តិនាមព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាប្រទេសកិត្តិយសក្នុងឆ្នាំនេះ។
លោក ជេសុន លីស បានជម្រាបជូនលោករដ្ឋមន្ត្រីថា ទូរទស្សន៍ NiceTV មានធនធានមនុស្ស និងបច្ចេកទេសគ្រប់គ្រាន់ ព្រមទាំងកិច្ចសហការល្អជាមួយទូរទស្សន៍មជ្ឈឹមចិន និងទូរទស្សន៍ខេត្តក្វាងស៊ី ដើម្បីផ្តិតយកទិដ្ឋភាពទាំងស្រុងនៃព្រឹត្តិការណ៍ពិព័រណ៍សម្រាប់ផ្សព្វផ្សាយជូនទូរទស្សនិកជននៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានឯកភាពទៅនឹងសំណើសុំសហការរបស់ទូរទស្សន៍ NiceTV និងបានស្នើលោក ជេសុន លីស ធ្វើការបន្តជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវរួម សម្រាប់ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន អាស៊ាន លើកទី១៥។ លើសពីនេះ លោករដ្ឋមន្ត្រី បានស្នើលោក ជេសុន លីស ទាក់ទង និងជូនដំណឹងទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានព័ត៌មាន អំពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកដែរថា ទូរទស្សន៍ NiceTV ត្រូវបានបង្កើតឡើង តាមរយៈកិច្ចសហការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន NICE Culture Investment Group ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្តក្វាងស៊ី ប្រទេសចិន។ បន្ទាប់ពីចំណាយពេលសាងសង់ និងរៀបចំយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជាង ១ឆ្នាំ ទូរទស្សន៍នេះ បានដំណើរការផ្សាយជាផ្លូវការ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ ដោយមានកម្មវិធីចម្រុះដូចជា ព័ត៌មាន វប្បធម៌ កីឡា និងសិល្បៈកម្សាន្ត ជាខេមរៈភាសា រយៈពេល ២៤ម៉ោង ក្នុង ១ថ្ងៃ៕