(ព្រះវិហារ)៖ បងប្អូនប្រជាពលរដ្ឋចំនួន៩៧នាក់ នៅឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ច័ន្ទ សុភក្ត្រ័ា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប ព្រមទាំងប្រធាន អនុប្រធានគណបក្សស្រុក-ឃុំ និងក្រុមការងារចុះជួយស្រុកឆែបជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក ច័ន្ទ សុភក្ត្រ័ា បានថ្លែងនូវការស្វាគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានគិតត្រូវសុំមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាកសាងប្រទេសជាតិ ឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
លោកបានបន្តទៀតថា តាមពិតបងប្អូនប្រពលរដ្ឋទាំង៩៧នាក់នេះ ពីមុនគាត់មិនទាន់បានសម្រេចចិត្តចូលគណបក្សណាទេ តែដោយកន្លងមកគាត់ឃើញបងប្អូនក្នុងភូមិចាញ់បោក ការសន្យាបោកប្រាស់ របស់គណបក្សប្រឆាំងថា បើគេឈ្នះឆ្នោតក្នុងមួយឃុំទទួលបាន ថវិកា៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ហើយចំពោះចាស់ជរាក្នុងម្នាក់ៗ ឧបត្ថម្ភថវិកា៤ម៉ឺនរៀលក្នុងមួយខែ។
លោកថា ចំណុចនេះហើយ ធ្វើឲ្យពួកគាត់ខ្លះជឿតាមដោយមិនបានពិចារណា លុះដល់គណបក្សនេះ ត្រូវបានរំលាយដោយច្បាប់ ទើបពួកគាត់ភ្ញាក់ខ្លួនថាចាញ់បោក ដោយអ្នកខ្លះអស់ទ្រព្យសម្បត្តិក៏មាន ដោយឃើញ បញ្ហានេះហើយ ទើបបងប្អូនទាំង៩៧នាក់ គាត់សុំមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះក្រៅពីគណបក្សប្រជាជនកម្ពុជា មិនមានគណបក្សណាដែលគួរឲ្យទុកចិត្ត និងបំរើប្រជាពលរដ្ឋ ដោយពិតប្រាកដនោះទេ។
លោកច័ន្ទ សុភក្ត្រ័ា បានបញ្ជាក់ថា ការសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា របស់បងប្អូនទាំង៩៧នាក់ គឺជាការបន្ថែមកម្លាំងសម្រាប់ដណ្តើមជ័យជំនះ នៅថ្ងៃបោះឆ្នោតខាងមុខនេះ ហើយលោក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាដើម្បីកសាងប្រទេស ឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចំរើន។
ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានបញ្ជាក់ទៀតថា បើខ្មែររួបរួមគ្នា នោះខ្មែរខ្លាំង ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ត្រូវទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។
ជាមួយគ្នានោះ លោក ច័ន្ទ សុភក្ត្រ័ា ក៏បាននាំអំណោយជាសម្ភារ និងថវិកា ដែលជាអំណោយរបស់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចែកជូនដល់សមាជិកថ្មី ទាំង៩៧ផងដែរ៕