(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើវិស័យអប់រំ។
សូមជម្រាបថា សាកលវិទ្យាល័យ Tsinghua គឺសាកលវិទ្យាល័យដ៏ចំណាស់ និងធំមួយរបស់ប្រទេសចិន ដែលមានអាយុកាលជាង ១០០ឆ្នាំហើយ។ សាកលវិទ្យាល័យនេះ ធ្លាប់បានបង្រៀនប្រធានាធិបតីចិនជាច្រើននាក់ ក្នុងនោះក៏មានលោក Xi Jinping ដែលជាប្រធានាធិបតីចិនសព្វថ្ងៃនេះផងដែរ។
នៅក្នុងកិច្ចជំនួបពិភាក្សា បន្ទាប់ពីការចុះអនុស្សារណៈយោគយល់គ្នាត្រូវបានបញ្ចប់ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្នើសុំបីចំណុចទៅភាគីចិនគឺ៖ ទី១-ខាងវិទ្យាសាស្ត្រ និងវិស្វកម្ម, ទី២-ជួយបណ្តុះបណ្តាលសាស្ត្រាចារ្យ របស់សាកលវិទ្យាល័យ និងទី៣-ខាងរដ្ឋបាលសាធារណៈ។
ជាមួយគ្នានេះ លោកស្រី Chen Xu ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Tsinghua សាកលវិទ្យាល័យ Tsinghua មិនត្រឹមតែជាសាកលវិទ្យាល័យដ៏ធំនៅប្រទេសចិនទេ តែជាសាកលវិទ្យាល័យលំដាប់លេខ១ នៅក្នុងប្រទេសនេះទៀតផង។ លោកស្រី បានសន្យាថា នឹងរៀបចំកម្មវិធីសិក្សាជួយបណ្តុះបណ្តាលសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមសំណើរបស់លោក ជេត ជាលី។
លោកស្រី Chen Xu បានថ្លែងទៀតថា ទោះជាយ៉ាងណា ក្រុមប្រឹក្សាភិបាលរបស់លោកស្រី កំពុងពិនិត្យសំណើពីរទៀត ហើយក្រុមការងារ សុំធ្វើការពិនិត្យជាមុនសិនថា តើសំណើមួយណាដែលនឹងត្រូវសម្រេច សំណើណានឹងមិនត្រូវសម្រេច។
ទន្ទឹមនឹងនេះ លោក ជេត ជាលី បានបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យ Tsinghua ជាឱកាសដែលមិនងាយរកបានឡើយ។ លោកបានសម្តែងទឹកចិត្តត្រេកអរជាអនេក ដែលខាងភាគីចិន បង្កើតកិច្ចសហប្រតិបត្តិជាមួយ សាកលវិទ្យាល័យនេះ ក្នុងការជួយកម្ពុជាឲ្យកាន់តែមាន ភាពរឹងមាំ និងចំណេះដឹងថ្មីៗ ពីប្រទេសចិន៕