(ភ្នំពេញ)៖ ពលរដ្ឋ២៩២គ្រួសារផ្ទុះការតវ៉ាជាថ្មីលើរឿងទំនាស់ដីធ្លី ហើយបានសុំការអន្តរាគមន៍ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រុមប្រជាពលរដ្ឋជាង១០០នាក់ មកជួបជុំគ្នានៅក្បែរក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ដើម្បីស្នើសុំលោក ជា សុផារ៉ា រកយុត្តិធម៌ពិតប្រាកដជូនពួកគាត់ ខណៈពួកគាត់ អះអាងថា ដីចំនួន៤៥០ហិកតានៃប្រជាជនសរុប២៩២គ្រួសារ ត្រូវបានក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រំលោភយក និងថែមទាំងបានបាញ់ពលរដ្ឋឱ្យរបួសថែមទៀតផង។
ក្រុមពលរដ្ឋបានមកជួបជុំគ្នា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជាមួយបដា និងការប្រកាសស្រែកសុំយុត្តិធម៌ ពិតប្រាកដសម្រាប់ពួកគាត់។
តំណាងប្រជាពលរដ្ឋគឺ លោក អ៉ី វណ្ណា និងលោក សែន សកុណា បាននិយាយថា ពួកគាត់មកស្នើសុំការអន្តរាគមន៍នេះ មិនមែនជាលើកទី១ទេ គឺលើកទី៤ហើយ។ ហើយការមកស្នើសុំរបស់ពួកគាត់នាពេលនេះ គឺមិនមែនក្នុងន័យនយោបាយជិតបោះឆ្នោតមកកូរ និងរុញស្ថានការណ៍ឱ្យរញ៉េរញ៉ៃនោះទេ ពោលគឺពួកគាត់សុទ្ធតែជាអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។
តំណាងពលរដ្ឋដដែលនិយាយថា ដីរបស់ពួកគាត់ដែលមានបញ្ហានោះ ស្ថិតនៅ៣តំបន់ ទី១៖ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទី២៖ភូមិអំពៅព្រៃ ឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ទី៣៖ភូមិទួលតាម៉ក់ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល៕