(ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុន China Railway 19th Bureau Group របស់ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យគមនាមន៍ ជាពិសេសផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។
គម្រោងខាងលើត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក គ័ង ជានកាង (Gong Jiangang) នាយកចាត់ចែងក្រុមហ៊ុន China Railway 19th Bureau Group របស់ចិន កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោក គ័ង ជានកាង បានជម្រាបលោករដ្ឋមន្ត្រី អំពីសាវតាក្រុមហ៊ុន China Railway 19th Bureau Group ដែលមានឯកទេសផ្នែកវិស័យវិស្វកម្ម និងសំណង់ខ្នាតធំ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការសាងសង់ផ្លូវដែក និងសំណង់ធារាសាស្ត្រ នៅតាមប្រទេសក្នុងទ្វីបអាហ្វ្រិក និងអាស៊ាន។
លោក គ័ង ជានកាង បានបន្តទៀតថា កម្ពុជា គឺជាទីផ្សារសំខាន់មួយ ហើយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងសាងសង់ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន China Railway 19th Bureau Group និងបានជម្រាបជូន លោក គ័ង ជានកាង អំពីស្ថានភាពវិស័យគមនាគមន៍នៅកម្ពុជា និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូន ក្នុងនោះក៏មានផ្លូវដែក និងផ្លូវល្បឿនលឿនផងដែរ ហើយនេះ គឺជាឱកាសល្អសម្រាប់ក្រុមហ៊ុនក្នុងការហក់ចូលទីផ្សារកម្ពុជា។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើលោក គ័ង ជានកាង បញ្ជូនក្រុមការងារ ដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវដែក និងផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ឲ្យបានច្បាស់លាស់ ដើម្បីចងក្រងរបាយការណ៍ និងដាក់សំណើវិនិយោគជាផ្លូវការជូនរាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា វិស័យគមនាមន៍ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ សម្រាប់បម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។
តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបណ្តាញគមនាមន៍ជាច្រើន កំពុងត្រូវបានស្ថាបនា ជួសជុល និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវផ្លូវដែកដែលតភ្ជាប់ពីក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ ទៅកាន់ទីក្រុងបាងកកនៃប្រទេសថៃ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុថែមទៀត៕