(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវដល់ ធនាគារឯកទេសនានា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងប្រទេសកម្ពុជា ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការផ្តល់ប្រាក់កម្ចីការប្រាក់ទាប ដល់និស្សិតខ្មែរដើម្បីរៀនជំនាញទេសចរណ៍។
ការអំពាវនាវនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់អំពាវនាវទៅដល់ ធនាគារឯកទេសទាំងឡាយនៃវិស័យឯកជន សូមចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្ចីដែលមានការប្រាក់ទាប សម្រាប់និស្សិតដែលចង់រៀន នៅក្នុងវិស័យទេសចរណ៍»។
សម្តេចបានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរ កាន់តែច្រើនឡើង ដោយសារតែកម្ពុជា មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត នៅលើពិភពលោក ដែលកំណើនលឿនងរហ័សនេះ បានតម្រូវឱ្យកម្ពុជាពង្រឹងគុណភាពធនធានមនុស្សលើវិស័យទេសចរណ៍ ឱ្យបានកាន់តែច្រើនផងដែរ។
សម្តេចបានបង្គាប់ឱ្យ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទំនាក់ទំនងពិភាក្សាជាមួយធនាគារឯកទេស រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីសិក្សាធ្វើយ៉ាងណា រៀបចំផ្តល់ប្រាក់កម្ចីដល់និស្សិតសម្រាប់រៀនជំនាញទេសចរ ក្នុងអត្រាការប្រាក់ទាបបំផុត ដែលធ្វើយ៉ាងណាធានាដល់ការចំណេញទាំងអស់គ្នា គឺធនាគារ ដែលផ្តល់ប្រាក់កម្ចី ត្រូវទទួលបានប្រាក់ដើម បូកជាមួយការប្រាក់ត្រឡប់មកវិញ នៅពេលដែលនិស្សិតរៀនចប់ ហើយនិស្សិតដែលរៀនចប់ ក៏ទទួលបានជំនាញ និងចំណេះដឹងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស លើកកម្ពស់ការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ចូលរួមកាត់បន្ថយការកើនឡើងកំដៅភពផែនដី និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ វិស័យទេសចរណ៍ក៏ជាកត្តាមួយសំខាន់ ក្នុងការចូលរួមជំរុញសកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ការផ្សារភ្ជាប់រវាងប្រជាជាតិ និងប្រជាជាតិ។ ផ្អែកលើតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួន តាមទស្សនទាន ស្អាត និងបៃតងឈរលើគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ដែលបង្ហាញពីទស្សនៈអភិវឌ្ឍ និងអភិរក្ស។
សម្តេចតេជោ បានថ្លែងថា នាពេលបច្ចុប្បន្នទោះមានអស្ថិរភាពក្នុងប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ការគំរាមកំហែងដោយភេរវកម្ម និងជំងឺរាតត្បាតយ៉ាងណាក្តី វិស័យទេសចរណ៍ពិភពលោកនៅតែមានកំណើនគួរឲ្យកត់សម្គាល់។ ដោយនៅឆ្នាំ២០១៧ ពិភពលោកទាំងមូលបានទទួលស្វាគមន៍ទេចរណ៍អន្តរជាតិ ១,៣២៣លាននាក់ មានកំណើន ៧ភាគរយ។
សម្តេចបានបន្ថែមថា វិស័យទេសចរណ៍ពិភពលោកចូលរួមបង្កើតចំណូលជាតិស្មើនឹង ១០ភាគរយ នៃផលិតផលក្នុងស្រុកសរុប បង្កើតការងារដោយការងារ១ក្នុងចំណោមការងារ១០ ជាការងារក្នុងវិស័យទេសចរណ៍។ ចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរពិភពលោកស្មើនឹង ៣០ភាគរយ នៃការនាំចេញផ្នែកសេវាកម្ម និង ៧ភាគរយ នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញសរុបរបស់ពិភពលោក ខណៈដែលការនាំចេញប្រេងឥន្ធនៈស្ថិតលំដាប់លេខ១ និងការនាំចេញផលិតផលគីមីស្ថិតលំដាប់លេខ២។ តាមការព្យាករណ៍ ទេសចរណ៍ពិភពលោក នឹងនៅតែបន្តកើនឡើងតទៅទៀត ដោយឆ្នាំ២០២០ ពិភពលោករំពឹងនឹងទទួលបានទេសចរអន្តរជាតិជាង ១,៤០០លាននាក់ និង ១,៨០០លាននាក់នៅឆ្នាំ២០៣០។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំ២០១៧ តំបន់អាស៊ានទាំងមូលបានទទួលទេសចរអន្តរជាតិចំនួន ១២៥លាននាក់ កើនឡើង ៨,៤ភាគរយ លើសការព្យាករណ៍ទុក ក្នុងនោះទេសចរណ៍ផ្ទៃក្នុងអាស៊ាន មានចំនួន ៤២ភាគរយ ដោយបានបង្កើតចំណូលសរុបប្រមាណ ៩៣ពាន់លានដុល្លារអាមេរិក សម្រាប់តំបន់ទាំងមូល ស្មើនឹង ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
សម្តេចបានថ្លែងថា សម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏មានការរីកចម្រើនគួរឲ្យសម្គាល់។ ក្នុងឆ្នាំ២០១៧ ទេសចរអន្តរជាតិមកទស្សនកម្ពុជាមានចំនួន ៥.៦លាននាក់ ក្នុងអត្រាកំណើន ១១.៨ភាគរយ។ តាមស្ថានភាពដ៏ប្រសើរនេះ នៅឆ្នាំ២០២០ កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់, នៅឆ្នំ២០២៥ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១០លាននាក់ ហើយនៅឆ្នាំ២០៣០ ចំនួនទេសចរអន្តរជាតិនឹងកើនដល់ ១៥លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលកំណើនទេសចរនៅកម្ពុជានេះ គឺផ្តើមចេញពីនយោបាយ «ឈ្នះឈ្នះ» ដែលធ្វើឲ្យកម្ពុជាទទួលបានសន្តិភាពបរិបូរណ៍, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងទឹកដី, សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មភាពអង្គការអន្តរជាតិធំៗ ក្នុងពិភពលោក ដើម្បីជំរុញការអភិវឌ្ឍ, សុខសន្តិភាព និងភាពសម្បូររុងរឿងជាសាកល។ សម្តេចតេជោ បានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រូវបានពង្រឹងថែមទៀត តាមរយៈកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍អាស៊ាន ដែលបានអនុម័ត និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំកំពូលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ហើយកិច្ចព្រមព្រៀងនេះ បានក្លាយជាត្រីវិស័យតម្រង់ទិសការអភិវឌ្ឍវិស័យទេសចរណ៍ទាំងកម្រិត និងតំបន់៕