Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៤២គ្រួសារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

21-06-2018 17:42

(កំពង់ស្ពឺ )៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការសរុបចំនួន ៤៤២គ្រួសារ មកពី៨ភូមិ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរពីសុខុមាលភាពមនុស្សវ័យចាស់ជូនលោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងផ្តាំផ្ញើឱ្យបរិភោគអាហារមានអនាម័យ ពិសារទឹកដាំពុះ ជៀងវាងការប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹង ដែលជាហេតុបង្កឱ្យមានអំពើហិង្សា ឬបទល្មើសផ្សេងៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពរបស់ខ្លួន។ ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋបន្តខិតខំដាំដំណាំ បន្លែ ដោយប្រើប្រាស់ជីធម្មជាតិជៀសវាងថ្នាំគីមី លើសកម្រិត និងចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

គ្រួសាររងគ្រោះទាំងអស់ បានសំដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកាមួយចំនួន៕