(ភ្នំពេញ)៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ កំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួន ទូទាំងព្រះរាជាណាចក្រកម្ពុជានោះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីអំពីសហប្រតិបត្តិការអាជីវកម្ម លើសេវាកម្ម បង់ប្រាក់កម្មី ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី នារសៀលថ្ងៃពីទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅឯសណ្ឋាគារណាហ្គាវើល។
លោក គង់ មាន អគ្គនាយក ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនយើងមានភ្នាក់ងារជាង ៦.០០០កន្លែង និងអតិថិជនសរុប ជាង២លាននាក់ នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងនៅតែបន្តពង្រីក ភ្នាក់ងារឲ្យកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនទ្រូម៉ាន់នី ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន ដែលជាដៃគូសហការ របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ផងដែរ។
លោក គង់ មាន បានបន្តទៀតថា ថ្ងៃនេះក្រុមហ៊ុនទ្រូម៉ាន់នី មានកិត្តិយសក្នុងការ ក្លាយជាដៃគូសហការជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ល្បីមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលសំខាន់ ការសហការរវាងក្រុមហ៊ុនទាំងពីរ បានផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និងជួយកាត់បន្ថយចំណាយយ៉ាងច្រើន ដល់អតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទាំងអស់គឺអាចបង់ប្រាក់កម្ចី ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី ទូទាំង២៥ ខេត្ត-ក្រុង។
ដោយឡែកលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានថ្លែងថា អិលអូអិលស៊ី បានចាប់បដិសន្ធិឡើង នៅឆ្នាំ ១៩៩៤ មានចក្ខុវិស័យ ក្នុងការផ្តល់នូវសេវាឥណទាន ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងមានការទទួលស្គាល់ជាសកល។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី កំពុងមានប្រតិបត្តិការនៅ ៧៦ សាខា ក្នុងរាជធានីភ្នំពេញ និងគ្រប់បណ្តាខេត្ត ដែលបច្ចុប្បន្នមានអតិថិជន ចំនួនសរុប ២០០.០០០នាក់ នៅទូទាំងប្រទេស។
លោក សុខ វឿន បានសង្កត់ធ្ងន់ថា សេវាកម្មបង់ប្រាក់កម្ចីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្របសម្រួល ទៅដល់អតិថិជន អិលអូអិលស៊ី ទាំងអស់ ក្នុងការទូទាត់បង់ប្រាក់កម្ចី ដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ជាង ៦.០០០កន្លែង នៅទូទាំង២៥ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាការផ្តល់ជូនជម្រើស ដ៏ពិសេសថ្មីមួយដល់អតិថិជន អិលអូអិលស៊ីដែលភាគច្រើន មានការមមាញឹកនឹងអាជីវកម្ម ហើយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការមកបង់ប្រាក់ដោយផ្ទាល់ ព្រោះមានលំនៅដ្ឋាននៅឆ្ងាយ ពីការិយាល័យអិលអូអិលស៊ី ឬមានធុរៈធ្វើដំណើរទៅឆ្ងាយ មិនអាចធ្វើការបង់ប្រាក់បាន។
លោកបានសង្កត់ធ្ងន់ទៀតថា «ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ប្រាក់កម្ចីនេះ នឹងផ្តល់អត្ថប្រយោជន៍ និងជាជម្រើសដ៏ត្រឹមត្រូវ ដល់អតិថិជនទាំងអស់ ក្នុងការទូទាត់ បង់ប្រាក់កម្ចី ដោយមិនអស់ថ្លៃសេវា ហើយថែមទាំងមាន ដំណើរការងាយស្រួល ចំណេញពេលវេលា ថវិកា និងសុវត្ថិភាព ដែលពួកគាត់អាចធ្វើប្រតិបត្តិការ តាមរយៈភ្នាក់ងាររបស់ ទ្រូម៉ាន់នី ទោះបីជាថ្ងៃឈប់សម្រាក ក៏ដោយ»៕