(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងែទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៨-២០២២ បន្ទាប់ពីផែនការមេលើកទី១ ឆ្នាំ២០០៩-២០១៣ ត្រូវបានបញ្ចប់ជាមួយការទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ តែក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី២នេះ ធ្វើឡើងនៅសណ្ឋាគារសាន់វ៉េភ្នំពេញ រាជធានីភ្នំពេញ ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានឱ្យដឹងថា បន្ទាប់ពីបានអនុវត្តប្រកបដោយជោគជ័យនូវផែនការមេលើកទី១រួចមក ផែនការមេលើកទី២នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានរៀបចំឡើងដោយមានការសិក្សាផ្អែកលើលទ្ធផលនៃការអនុវត្តផែនការមេលើកទី១ ការពិគ្រោះយោបល់ត្រីភាគី ការចូលរួមពីភាគី និងអ្នកពាក់ព័ន្ធផ្សេងៗ រួមទាំងមន្ត្រីក្រោមឱវាទនាយកដ្ឋានពេទ្យការងារ និងអង្គការអន្តរជាតិខាងការងារដែលបានឯកភាព និងសម្រេចដាក់ចេញនូវសកម្មភាពជាអាទិភាពចំនួន៦ សម្រាប់ចង្អុលបង្ហាញដល់គ្រប់ភាគីពាក់ព័ន្ធយកទៅពង្រីកផែនការសកម្មភាព សំដៅបង្កើនប្រសិទ្ធភាពការងារនៅក្នុងវិស័យសុខភាព និងសុវត្ថិភាពការងារ ឱ្យស្របតាមការវិវត្តនៃសង្គមសេដ្ឋកិច្ចសម្រាប់កម្មករនិយោជិតនៅគ្រប់មុខវិជ្ជាជីវៈ។
លោកបានបង្ហាញការជឿជាក់ថា ផែនការមេលើកទី២នេះ នឹងបំពេញតួនាទីជាផែនទីបង្ហាញផ្លូវ និងកាលានុវត្តភាព ដែលជាការប្តេជ្ញារបស់ក្រសួងការងារ ក្នុងគោលបំណងដើម្បីបង្កើតឱ្យមានបរិយាកាសការងារល្អប្រកបដោយសុខភាព និងសុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតទាំងអស់ តាមរយៈការធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំដើម្បីស្វែងរកមធ្យោបាយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលបំណងអាទិភាពចំនួន ៦ចំណុច រួមមាន៖
* គោលបំណងទី១៖ ពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពការងារជាតិ។
* គោលបំណងទី២៖ ពង្រឹងការងារអធិការកិច្ច និងការអនុវត្តបទដ្ឋានសុខភាព និងសុវត្ថិភាពការងារ។
* គោលបំណងទី៣៖ ជំរុញអង្គការនិយោជក និងអង្គការកម្មករនិយោជិតចូលរួមសកម្មភាព សុខភាព និងសុវត្ថិភាពការងារ។
* គោលបំណងទី៤៖ រៀបចំ និងអនុវត្តកម្មវិធីពិសេសសម្រាប់មុខរបរគ្រោះថ្នាក់។
* គោលបំណងទី៥៖ ជំរុញឱ្យមានការការពារផ្នែកសុខភាព និងសុវត្ថិភាពការងារដល់សហគ្រាសខ្នាតតូច និងមធ្យម និងកន្លែងធ្វើការនៅតាមជនបទ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
¨* គោលបំណងទី៦៖ គាំទ្រ និងជំរុញកិច្ចសហការផ្នែកសុខភាព និងសុវត្ថិភាពការងារលើការងារកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅតាមសហគ្រាស គ្រឹះស្ថាន។
លោកបន្តថា តាមរយៈផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៨-២០២២ ក្រសួងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដៃគូជាតិ-អន្តរជាតិទាំងអស់ ដើម្បីអនុវត្តផែនការមេលើកទី២នេះឱ្យទទួលបានជោគជ័យ សំដៅពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់សហគ្រាស គ្រឹះស្ថានឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ក៏បានរៀបរាប់ពីរបាយការណ៍អំពីដំណើរការនៃការរៀបចំផែនការមេលើកទី១ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០០៩-២០១៣ ដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ និងលើកឡើងពីបញ្ហាប្រឈមពីការអនុវត្តផែនការលើកទី១នេះផងដែរ។
លោក ឡេង តុង បានបន្តថា ផ្អែកលើជោគជ័យជាសមិទ្ធិផលដែលទទួលបានខាងលើ និងឧបសគ្គដែលបានជួបប្រទះកន្លងមក ក្រសួងការងារនឹងបន្តនូវសកម្មភាព និងផែនការដូចខាងក្រោម៖
* បន្តជំរុញការផ្សព្វផ្សាយ និងការអនុវត្តផែនមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ ឱ្យមានប្រសិទ្ធភាពដោយសហការជាមួយអន្តរក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ។
* ជំរុញការរៀបចំច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារ ដោយសហការជាមួយទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ និងអង្គការអន្តរជាតិខាងការងារ។
* បង្កើតនូវបទដ្ឋានគតិយុត្តិថ្មីៗទៀត ដែលផ្តោតលើសុខភាព និងសុវត្ថិភាពការងារ។
* បន្តសហការជាមួយអង្គការនិយោជក និងអង្គការកម្មករនិយោជិតអនុវត្តសកម្មភាពសុខភាព និងសុវត្ថិភាពការងារឲ្យកាន់តែមានប្រសិទ្ធភាព។
* បន្តកៀរគរការគាំទ្រជាបច្ចេកទេស និងថវិកាជាមួយដៃគូអភិវឌ្ឍន៍នានាដល់ការអនុវត្ត។
* បន្តអនុវត្តកម្មវិធីពិសេសសម្រាប់ការការពារ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មុខរបរដែលមានគ្រោះថ្នាក់ ដូចជាការដ្ឋានសំណង់ សហគ្រាសខ្នាតតូច និងមធ្យម និងមុខរបរផ្សេងៗទៀត៕