(ព្រះសីហនុ)៖ លោក ឡូត ផារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញដីកាបញ្ជាឲ្យឃុំខ្លួនជនជាតិចិនចំនួន១០នាក់ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា និងអុកឡុកសង្គមទាំងកណ្ដាលថ្ងៃត្រង់។
សូមបញ្ជាក់ថា យ៉ាងហោចណាស់ជនជាតិចិនចំនួន១០នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ បង្ក្រាបបាន ក្រោយប្រើប្រាស់អំពើហិង្សាលើជនជាតិចិនដូចគ្នា និងអុកឡុកសង្គមទាំងកណ្ដាលថ្ងៃ ដោយគ្មានការខ្លាចរអានឹងច្បាប់របស់កម្ពុជាបន្ដិចណាសោះនោះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា អំពើហិង្សានេះបានកើតឡើង នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចជាន់ទីមួយ នៃកាស៊ីណូ ញូវហ្គោលឌិនវែល ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជនជាតិចិនមួយក្រុមមានគ្នាច្រើននាក់ បានចាប់ជនរងគ្រោះវាយ ដំ ទាត់ធាក់ និងចាប់ដាក់ក្នុងរថយន្តដើម្បីប្រព្រឹត្តិអំពើល្មើសបន្តទៀតលើជនរងគ្រោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីនេះបង្កឡើងដោយជនជាតិចិនចំនួនមួយក្រុម បានធ្វើសកម្មភាពជិះរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខព្រះសីហនុ2A-7268 ពីកន្លែងដែលពួកគេធ្វើការ (កាស៊ីណូឌីហាវ) ទៅកាស៊ីណូ ញូវហ្គោលឌិនវែល ពេលទៅដល់ជាន់ទីមួយ នៃកាស៊ីណូពួកគេបានធ្វើសកម្មភាព វាយទៅលើជនជាតិចិនចំនួន០២នាក់ បណ្តាលឲ្យសន្លប់បាត់ស្មារតី បន្ទាប់មកពួកគេបានយកជនរងគ្រោះទាំង០២នាក់ នោះ បោះចូលរថយន្តដែលពួកគេជិះមក រួចបើកចេញក្រៅ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ភ្លាមនោះកម្លាំងរបស់លោកទទួលការរាយការណ៍ពីប្រជាពលរដ្ឋ ដោយលោកបានបញ្ជាកម្លាំងជំនាញ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល បានសហការជាមួ កម្លាំងអធិការដ្ឋានក្រុង និងកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការដេញប្រផាត់ ចាប់ប្រភីង តាមផ្លូវអិលវី ពេលដល់ផ្លូវអូរ៥ រថយន្តនោះក៏បកត្រឡប់មកផ្លូវអូរ១វិញ រហូតដល់ចំណុចមុខផ្សារចិន ទើបកម្លាំងសមត្ថកិច្ចស្ទាក់ជាប់ បានរំដោះជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និងឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយសមត្ថកិច្ច ដូច្នេះលោកស្នើសុំសហការបន្តទៀត ហើយកម្លាំងនគរបាលនឹងការពារ និងបម្រើប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ អ្នកវិនិយោគគ្រប់ជាតិសាសន៍ ហើយរឹតបន្តឹងការអនុវត្តច្បាប់ដោយមិនលើកលែង ទៅលើជនណាដែលប្រព្រឹត្តិល្មើសច្បាប់៕