(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញបិទសន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅសណ្ឋាគារសុខា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស លើកកម្ពស់ការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ចូលរួមកាត់បន្ថយការកើនឡើងកំដៅភពផែនដី និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា វិស័យទេសចរណ៍ក៏ជាកត្តាមួយសំខាន់ ក្នុងការចូលរួមជំរុញសកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ការផ្សារភ្ជាប់រវាងប្រជាជាតិ និងប្រជាជាតិ។ ផ្អែកលើតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួន តាមទស្សនទាន ស្អាត និងបៃតងឈរលើគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ដែលបង្ហាញពីទស្សនៈអភិវឌ្ឍ និងអភិរក្ស។
* សម្តេចតេជោ បានថ្លែងថា នាពេលបច្ចុប្បន្នទោះមានអស្ថេរភាពក្នុងប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ការគំរាមកំហែងដោយភេរវកម្ម និងជំងឺរាតត្បាតយ៉ាងណាក្តី វិស័យទេសចរណ៍ពិភពលោកនៅតែមានកំណើនគួរឲ្យកត់សម្គាល់។ ដោយនៅឆ្នាំ២០១៧ ពិភពលោកទាំងមូលបានទទួលស្វាគមន៍ទេចរណ៍អន្តរជាតិ ១,៣២៣លាននាក់ មានកំណើន ៧ភាគរយ។
* សម្តេចបានបន្ថែមថា វិស័យទេសចរណ៍ពិភពលោកចូលរួមបង្កើតចំណូលជាតិស្មើនឹង ១០ភាគរយ នៃផលិតផលក្នុងស្រុកសរុប បង្កើតការងារដោយការងារ១ក្នុងចំណោមការងារ១០ ជាការងារក្នុងវិស័យទេសចរណ៍។ ចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរពិភពលោកស្មើនឹង ៣០ភាគរយ នៃការនាំចេញផ្នែកសេវាកម្ម និង ៧ភាគរយ នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញសរុបរបស់ពិភពលោក ខណៈដែលការនាំចេញប្រេងឥន្ធនៈស្ថិតលំដាប់លេខ១ និងការនាំចេញផលិតផលគីមីស្ថិតលំដាប់លេខ២។ តាមការព្យាករណ៍ ទេសចរណ៍ពិភពលោក នឹងនៅតែបន្តកើនឡើងតទៅទៀត ដោយឆ្នាំ២០២០ ពិភពលោករំពឹងនឹងទទួលបានទេសចរអន្តរជាតិជាង ១,៤០០លាននាក់ និង ១,៨០០លាននាក់នៅឆ្នាំ២០៣០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំ២០១៧ តំបន់អាស៊ានទាំងមូលបានទទួលទេសចរអន្តរជាតិចំនួន ១២៥លាននាក់ កើនឡើង ៨,៤ភាគរយ លើសការព្យាករណ៍ទុក ក្នុងនោះទេសចរណ៍ផ្ទៃក្នុងអាស៊ាន មានចំនួន ៤២ភាគរយ ដោយបានបង្កើតចំណូលសរុបប្រមាណ ៩៣ពាន់លានដុល្លារអាមេរិក សម្រាប់តំបន់ទាំងមូល ស្មើនឹង ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
* សម្តេចបានថ្លែងថា សម្រាប់វិស័យទេសចរណ៍កម្ពុជា ក៏មានការរីកចម្រើនគួរឲ្យសម្គាល់។ ក្នុងឆ្នាំ២០១៧ ទេសចរអន្តរជាតិមកទស្សនកម្ពុជាមានចំនួន ៥.៦លាននាក់ ក្នុងអត្រាកំណើន ១១.៨ភាគរយ។ តាមស្ថានភាពដ៏ប្រសើរនេះ នៅឆ្នាំ២០២០ កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់, នៅឆ្នំ២០២៥ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១០លាននាក់ ហើយនៅឆ្នាំ២០៣០ ចំនួនទេសចរអន្តរជាតិនឹងកើនដល់ ១៥លាននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលកំណើនទេសចរនៅកម្ពុជានេះ គឺផ្តើមចេញពីនយោបាយ «ឈ្នះឈ្នះ» ដែលធ្វើឲ្យកម្ពុជាទទួលបានសន្តិភាពបរិបូរណ៍, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ និងទឹកដី, សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានចម្បងសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវសូមឲ្យធនាគារឯកទេសទាំងឡាយចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ដោយចូលរួមផ្តល់កម្ចីការប្រាក់ទាបឲ្យនិស្សិតបានខ្ចី ដើម្បីបានចូលរៀនក្នុងវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិភាក្សាជាមួយធានាគារឯកទេសនានា ផ្តល់កម្ចីដល់និស្សិតរៀនលើវិស័យទេសចរណ៍ ហើយធានាយ៉ាងណាឲ្យនិស្សិតរៀនចប់មានការងារធ្វើ ហើយមានលទ្ធភាពសងលុយទៅធានាគារវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មភាពអង្គការអន្តរជាតិធំៗ ក្នុងពិភពលោក ដើម្បីជំរុញការអភិវឌ្ឍ, សុខសន្តិភាព និងភាពសម្បូររុងរឿងជាសាកល។ សម្តេចតេជោ បានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ត្រូវបានពង្រឹងថែមទៀត តាមរយៈកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍អាស៊ាន ដែលបានអនុម័ត និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំកំពូលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ហើយកិច្ចព្រមព្រៀងនេះ បានក្លាយជាត្រីវិស័យតម្រង់ទិសការអភិវឌ្ឍវិស័យទេសចរណ៍ទាំងកម្រិត និងតំបន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ ៤ចំណុច ដល់សន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន» ក្នុងនោះមានដូចជា៖
ទី១៖ ត្រូវយកចិត្តទុកដាក់ចំពោះចរន្តនៃការរីកចម្រើនវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងការរីកចម្រើននៃ បញ្ញាសិប្បនិម្មិត ដូចជា៖ ប្រព័ន្ធកក់សំបុត្រធ្វើដំណើរ, បន្ទប់ស្នាក់នៅ, មធ្យោបាយដឹកជញ្ជូនជាដើម ដែលកំពុងធ្វើឱ្យការ ប្រកួតប្រជែងកាន់តែមានកម្រិតខ្លាំងឡើង។ ក្នុងន័យនេះ យើងគួរតែពង្រីកការចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួន ក្នុងការដាក់ចេញអនុវត្តគោលនយោបាយទ្រទ្រង់ការអភិវឌ្ឍធនធានមនុស្សឱ្យសមរម្យ, ឆ្លើយតបនឹងបញ្ហាប្រឈមនានា សំដៅសហការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។
ទី២៖ កិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន ពិតជាយន្តការធ្វើឱ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធបណ្តុះបណ្តាលជំនាញ ទេសចរណ៍, ចូលរួមកាត់បន្ថយនូវគម្លាតចំណេះដឹង និងជំនាញ រវាងអ្នកជំនាញដូចគ្នាក្នុងតំបន់, សម្រួលការផ្លាស់ប្តូរបទពិសោធន៍ក្នុងការ អភិវឌ្ឍជំនាញរវាងប្រទេសសមាជិកទាំងអស់។ ដូច្នេះស្ថាប័នរដ្ឋ, ឯកជន,ងង្គការជាតិ, អន្តរជាតិ និងដៃគូរអភិវឌ្ឍនានា គួរតែផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀត សំដៅចូលរួមអនុវត្តស្មារតីកិច្ចព្រមព្រៀមអាស៊ាននេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចគោលដៅរួមរបស់អាស៊ាន។
ទី៣៖ ជំរុញបង្កើតយន្តការទទួលស្គាល់បទពិសោធន៍រួម ដោយឈរលើគោលការណ៍គុណភាព និងក្របខណ្ឌគតិយត្តិ នៃប្រទេសនីមួយៗ។ ទទ្ទឹមនេះ ខ្ញុំស្នើថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ពិនិត្យលទ្ធភាព និងពន្លឿនការដាក់ចូលប្រភេទជំនាញផ្សេងៗទៀត ក្នុងវិស័យទេសចរណ៍ ទៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអ្នកជំនាញទេសចរណ៍អាស៊ាន ដែលបច្ចុប្បន្នមានតែ៣២ មុខជំនាញប៉ុណ្ណោះ។
ទី៤៖ វិស័យទេសចរណ៍ត្រូវបានពិភពលោកចាត់ទុកជាវិស័យដែលមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ ក្នុងន័យនេះ ខ្ញុំសូមស្នើដៃគូរអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមសហការ និងជួយគាំទ្រដល់ប្រទេសសមាជិកអាស៊ាន តាមការជាកស្តែង ដើម្បីចូលរួមសម្រេចគោលដៅនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្ឃឹមថា តាមរយៈលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២នេះនឹងនាំមកនូវអត្ថប្រយោជន៍ សម្រាប់អាស៊ានក្នុងការអភិវឌ្ឍជំនាញទេសចរណ៍រួមគ្នា សំដៅលើកកម្ពស់ការងារ និងជំនាញក្នុងតំបន់, ចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព, ទប់ស្កាត់ផលអវិជ្ជមាន ដើម្បីធានាសុខសន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៦៖១៥នាទីរសៀលថ្ងៃដដែល៕