(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងលើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលមានប្រសិទ្ធភាពអនុវត្តសម្រាប់រយៈពេល៥ឆ្នាំដំបូង ឬអាចបន្ដបានរយៈពេល៥ឆ្នាំបន្ទាប់ទៀត។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ចង់បានទទួលបានបទពិសោធន៍ ចំណេះដឹងថែមទៀត លើការងារផ្សព្វផ្សាយអប់រំ យល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសត្រូវការចាំបាច់ក្នុងការហ្វឹកហ្វឺន បណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពដល់នគរបាលជំនាញ អំពីបច្ចេកទេសវាយតម្លៃភាពគ្រោះថ្នាក់ ការបន្សាប និងការកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រោះ។
បើតាមនាយឧត្ដមសេនីយ៍ អគ្គស្នងការរង កម្លាំងនគរបាលក៏ត្រូវការកិច្ចសហការលើការបំផ្លាញចោលនូវអាវុធ គ្រាប់ដែលខូចគុណភាព ឬលើសតម្រូវការប្រើប្រាស់ ដើម្បីបង្ការ រាំងស្កាត់កុំឲ្យអាវុធ គ្រាប់ទាំងនោះធ្លាក់ដល់ដៃជនល្មើស ឬភេវករ។
លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ ក៏បានបញ្ជាក់ថា ការសម្រេចចុះ MoU នេះ ដោយយល់ឃើញថា កងកម្លាំងនគរបាលជាតិកន្លងមក ក៏ដូចជាបច្ចុប្បន្នបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយជាដៃគូយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការសហការលើការងារផ្សព្វផ្សាយអប់រំ ការផ្ដល់ព័ត៌មានឈានទៅដល់ការរកឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការកម្ទេចចោល។
ដូច្នេះ ស៊ីម៉ាក់ មានបំណងផ្ដល់ការបណ្ដុះបណ្ដាលទាំងការងារផ្សព្វផ្សាយអប់រំ ក៏ដូចជាការងារវាយតម្លៃ និងកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីកសាងសមត្ថភាពនគរបាលឲ្យមានជំនាញ ដូចប្រតិបត្តិករកំចាត់មីនអាជីព៕