(ព្រះវិហារ)៖ ក្នុងគោលបំណងបញ្ចប់ការិះគន់នានា ពីសំណាក់ប្រភពមិនច្បាស់លាស់ ក៏ដូចជាក្នុងគោលបំណងធ្វើឲ្យមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានការស្ងប់ចិត្តរឿងតែងតាំងមន្ត្រីនោះ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក សំ លាងទ្រី ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មកធ្វើជាសាក្សី និងផ្តល់ភាពយុត្តិធម៌ក្នុងការតែងតាំងមន្ត្រីរាជការ។
នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសទុក្ខកង្វល់មន្ត្រីរាជការ, មន្ទីរបានដាក់រាល់កិច្ចការទាំងអស់ ឲ្យអង្គប្រជុំដើម្បីធ្វើការអនុម័ត ទុកពេលវេលាឲ្យមន្ត្រីរាជការម្នាក់ៗ បញ្ចេញមតិ លើកអំពីទុក្ខលំបាកបញ្ហាប្រឈមនានា។
លោកប្រធានមន្ទីរបានបន្តថា «មន្ទីរសាធារណការ អនុវត្តតាមសមូហភាពដឹកនាំ និងបុគ្គុលទទួលខុសត្រូវ រាល់បញ្ហាតែងតាំងមន្ត្រីរាជការទាំងអស់ គឺតែងដាក់នៅក្នុង អង្គប្រជុំដើម្បី ពិភាក្សាគ្នាជាសមូហភាព ថាតើមន្ត្រីរាជការនិមួយៗ គួរមានឧបនិស្ស័យក្នុងការតែងតាំងអត់ ជៀសវាងការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅ មកលើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារយើងខ្ញុំ។ ហើយថ្ងៃនេះមន្ត្រីរាជការទាំងអស់ ដែលមានវត្តមាននៅទីនេះ កន្លងមកមន្ទីរតែងធ្វើការតែងតាំង មន្ត្រីដោយឆ្លងកាត់របៀបនេះ (តាមរយៈអង្គប្រជុំ) ដោយការបោះឆ្នោតដោយយុត្តិធម៌ និងសុក្រិត្យបំផុត ហើយបេក្ខភាពដែលមន្ទីរបានលើក គឺអង្គប្រជុំជាអ្នកសម្រេច ទោះជាអ្នកនោះសមត្ថភាពប៉ុណ្ណាក៏ដោយឲ្យតែអង្គប្រជុំឯកភាព អនុម័តគឺត្រូវធ្វើការតែងតាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានមជ្ឈដ្ឋានមួយចំនួនលាបពណ៌ វាយប្រហារតាមរយៈប្រភពព័ត៌មានមិនច្បាស់លាស់មួយចំនួនតូច ថាការតែងតាំងមន្ត្រីជាការតែងតាំងដោយបក្ខពួកនិងតាមខ្សែរយៈទៅវិញ»។
លោក សំ លាងទ្រី បានបន្តថា ថ្ងៃនេះមន្ទីរសាធារណការមានកិត្តិយសដោយបានថ្នាក់ដឹកនាំខេត្ត អញ្ជើញចូលរួមត្រួតពិនិត្យការតែងតាំងមន្ត្រី ថាតើ ពិតដូចការចោទប្រកាន់អត់ ដូច្នេះទោះបីជាការ លើកឡើងរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យនានាចំពោះបេក្ខភាដែលត្រូវតែងតាំងនោះយ៉ាងណាក៏ដោយ គឺអង្គប្រជុំសម្រេចលើការអនុមត័តាមថ្នាក់ដឹកនាំខេត្ត ដូច្នេះមិនអាចចោទថា មន្ទីរតែងតាំងនេះវាមិនយុត្តិធម៌ បក្ខពួកនោះទៀតនោះទេ។
ជាមួយគ្នានេះផងដែរ លោក សំ លាងទ្រី ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ទទួលបានជោគជ័យនាពេលកន្លងមកហើយ យើងនឹងរួមសាមគ្គីគ្នាដើម្បីឲ្យការងាររបស់យើងបានទទួលជោគជ័យជាបន្តទៀត។
លោក គោ ស៊ុប៊ុនសឿត ក្រោយពីបានស្តាប់ការលើកឡើងរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាលយ័នានាជុំវិញ ការវាយតម្លៃលើបេក្ខភាពចំនួន២រូប ដែលត្រូវតែងតាំងជាអនុប្រធានការិយាល័យ ចុះបញ្ជីយានយន្តនោះ លោកក៏សម្រេចជ្រើសរើសយកបេក្ខភាពមួយរូប ដែលមានការគាំទ្រច្រើនពីថ្នាក់ដឹកនាំមន្ទីរការិយាលយ័នានាឲ្យកាន់តំណែងជាអនុប្រធានការិយាល័យ ចុះបញ្ជីយានយន្ត។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារថា មន្ត្រីរាជការស៊ីវិលត្រូវមានគុណសម្បត្តិ៤ជាចំបង៖
ទី១៖ ឆន្ទះម្ចាស់ការបានន័យថា ទឹកចិត្តស្រឡាញ់ការងារមានគំនិតផ្តួចផ្តើមឆ្នៃប្រឌិត បំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម ធ្វើការជាក្រុម ឈ្មុះឈ្មុល និងការងារ និងជំនះរាល់ឧបសគ្គ ទី២៖ ភក្តីភាពចំពោះស្ថាប័ន និងចំពោះបងប្អូនប្រជាពលរដ្ឋ
ទី៣៖ មនសិការវិជ្ជាជីវៈនេះ គឺចង់សំដៅលើមន្ត្រីរាជការទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ ហើយមនសិការវិជ្ជាជីវៈនេះបានបែងចែករហូត១៥ចំណុច ក្នុងនោះលោកបានលើកយក ចំណុចទី១០ ចែងថា៖ មន្ត្រីរាជការត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ចលាក់ការ មានន័យថា មិននិយាយអ្វី ឫសរសេរអ្វីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់អង្គភាព ឫសមត្ថកិច្ចថ្នាក់ដឹកនាំ ឡើយ។ នេះជាគោលការណ៍ដ៏ចំបងមួយរបស់មនសិការវិជ្ជាជីវៈមន្ត្រីរាជការ គឺមិននិយាយអ្វីឲ្យប៉ះពាល់ដល់ស្ថាប័ន ឫបុគ្គល់នៅក្នុងអង្គភាព។
ជាក់ស្តែងដូចថ្ងៃនេះ អង្គភាពថា សម្រេចយ៉ាងម៉េចយើងបានឯកភាពគ្នាហើយ ការផ្តល់ឱកាសឲ្យមន្ត្រីរាជការបានបញ្ចេញមតិមានតែនៅទីនេះ បើចេញទៅក្រៅយើងនិយាយអីនោះ បានន័យថា ខុស និងគោលការណ៍វិជ្ជាជីវៈហើយ នេះចូលដល់បរិហារកេរ្តិ៍អង្គភាព ដែលអង្គភាព និងស្ថាបន័និមួយៗមានបទបញ្ជាផ្ទៃក្នុង នៅទីនេះយើងអាចនិយាយបាន តែដល់ពេលនិយាយខាងក្រៅគឺចូលដល់បទបរិហាកេរ្តិ៍គេហើយ ចឹងអង្គភាពអាចដាក់ទោសទណ្ឌ បានលើសពីនេះអាចប្រឈម និងផ្លូវច្បាប់ក៏មាន។
ករណីនេះលោកអភិបាលរងខេត្ត ក៏បានធ្វើការសំណូមពរឲ្យមន្ត្រីយើងត្រូវមានការស្មោះត្រង់ មានកិច្ចការអីយើងត្រូវលើកយកមកពិភាក្សាគ្នាលើតុ មិនត្រូវដើរទៅនិយាយខាងក្រៅនោះទេ៕