Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែក អាជ្ញាធរចុះវាស់វែង និងបោះបង្គោលព្រំដីប្រគល់ដីជូនពលរដ្ឋ ដែលមានទំនាស់យូរឆ្នាំជាមួយលោក មាស សាវឿន នៅខណ្ឌឬស្សីកែវ, អាជ្ញាធរច្រានចោល ការចោទប្រកាន់របស់ភាគីជម្លោះ (Video inside)

21-06-2018 16:14

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ រដ្ឋបាលខណ្ឌឬស្សីកែវ នឹងដឹកនាំគណៈកម្មាការចម្រុះចុះទៅវាស់វែង និងបោះបង្គោលព្រំដីជូនលោកស្រី លឹម វណ្ណា ដើម្បីចូលកាន់កាប់ និងធ្វើការបើកផ្លូវលេខ១៧៣១​ និងផ្លូវលេខ១៧៣៣ តាមប្លង់គោលតំបន់អភិវឌ្ឍន៍ឬស្សីកែវ។ នេះបើយោងតាមលិខិតរបស់អភិបាលខណ្ឌឬស្សីកែវ លោក ជា​ ពិសី ផ្ញើជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងលោក មាស សាវឿន បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅខណ្ឌឬស្សីកែវ ដែលបានអូសបន្លាយយូរឆ្នាំមកនោះ ត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលជាបន្តបន្ទាប់របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

ក្រោយទទួលបានយុត្តិធម៌ពិតប្រាកដខាងលើនេះ លោកស្រី លឹម វណ្ណា ជាប្រជាពលរដ្ឋម្នាក់ តំណាងឲ្យក្រុមគ្រួសារទាំងមូល បានចេញមកគោរពថ្លែងអំណរគុណជូនពរយ៉ាងជ្រាលជ្រៅ ជូនលោក ឃួង ស្រេង និងលោក ជា ពិសី ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយដោះស្រាយបញ្ចប់ជម្លោះនេះ ក្រោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្រោយការសម្រេចរបស់អាជ្ញាធរត្រៀមចុះវាស់វែង និងប្រគល់ដីជូនភាគីឈ្នះនោះ ស្រាប់តែនៅថ្ងៃនេះ លោក​ មា​ស សាវឿន តាមបណ្តាញសង្គម Facebook បានចោទប្រកាន់មកលើអាជ្ញាធរ ដែលបានប្រគល់ដីទាំងនេះជូនភាគីលោកស្រី លឹម វណ្ណា។

បន្ទាប់ពីលោក មាស សាវឿន បានចោទថា មានគេលួចយកដីរបស់លោក ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវនោះ លោកស្រី លឹម វណ្ណា បានចេញមកបដិសេធទាំងស្រុង និងអះអាងផងដែរថា ដីរបស់លោកស្រីមួយកន្លែង ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ និងមានជម្លោះជាយូរឆ្នាំមកហើយ ជាមួយលោក មាស សាវឿន គឺលោកស្រីមានឯកសារគ្រប់គ្រាន់ ហើយលោក មាស សាវឿន មិនមែនជាម្ចាស់ដីនោះទេ។

ជាមួយគ្នានេះអាជ្ញាធរខណ្ឌឬស្សីកែវ ក៏បានច្រើនចោលផងដែរចំពោះការចោទប្រកាន់របស់លោក មាស សាវឿន ដែលការចោទប្រកាន់ខាងលើនេះវាខុសពីការពិតទាំងស្រុង ពីព្រោះអាជ្ញាធរ បានដោះស្រាយដោយយោងទៅតាមឯកសារតាមផ្លូវច្បាប់ទាំងអស់ និងមានការទទួលស្គាល់ពីថ្នាក់ដឹកនាំរាជធានីភ្នំពេញទៀតផង។

អាជ្ញាធរបានអះអាងទៀតថា លោកស្រី លឹម វណ្ណា ជាម្ចាស់ពិតប្រាកដ ដែលមានឯកសារត្រឹមត្រូវ មានការទទួលស្គាល់ស្របច្បាប់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយអាជ្ញាធរ នឹងត្រៀមបង្កើតគណៈកម្មការចម្រុះ ដើម្បីប្រកាស់ប្រគល់សិទ្ធិឲ្យលោកស្រី កាន់កាប់ដីក្នុងពេលឆាប់ៗនេះ៕