(កំពង់ធំ)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឱ្យសមត្ថកិច្ច នៅតាមគោលដៅ ស្ទាក់ចាប់រថយន្តម៉ាក «ផ្លាឌឺគាំ» ដែលលួចដឹកឈើប្រណិតលេខ២ ចេញពីខេត្តព្រះវិហារ បម្រុងលោតឆ័ត្រ រហូតដល់ចំណុចភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចខេត្តកំពង់ធំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ឱ្យដឹងថា រថយន្ត «ផ្លាឌឺគាំ» ដឹកឈើលេខ២ ខុសច្បាប់មួយគ្រឿងខាងលើនេះ ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើរវាង ដោះលែងតែត្រូវមកជាប់អន្ទាក់របស់សមត្ថកិច្ច ខេត្តកំពង់ធំ ដោយសារតែរថយន្តបង្កបានបើកព្យាយាមរត់គេច ទៅបុកជាមួយរថយន្តរបស់សមត្ថកិច្ចចំនួន២គ្រឿង ទៅមុខលែងរួចតែម្តង។
តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា រថយន្តប្រភេទ «ផ្លាឌឺគាំ» ដែលលួចដឹកឈើចេញទឹកដីខេត្តព្រះវិហារ លុះមកដល់ខេត្តកំពង់ធំ សមត្ថកិច្ចឃាត់ ដើម្បីសួរនាំដោយសង្ស័យថា មានដឹកបទល្មើសឈើដោយគ្មានច្បាប់អនុញ្ញាត រថយន្តសង្ស័យខាងលើនេះ ពុំបានឈប់ថែមទាំងបើករត់ រហូតដល់ឃុំកំពង់ថ្ម ទើបឃាត់រថយន្តបានក្រោមកិច្ចសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍។ រីឯតៃកុងឡាន បានបើកទ្វារត់គេចបាត់ស្រមោល។
ក្រោយពីសមត្ថកិច្ចរថយន្តបាន ក៏បាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងធ្វើការវាស់វែងមានឈើប្រភេទក្តាជាង១១ម៉ែត្រគូប ដែលបានដឹកដោយរថយន្តពាក់ស្លាកលេខ ភ្នំពេញ2B-9346 ក្បាលក្រហម ទ្រុងកុងទ័នឺរ ពណ៌ស ដែលមានគោលដៅទៅទម្លាក់នៅភ្នំពេញ៕