(ភ្នំពេញ)៖ ដោយសង្កេតឃើញថា តម្រូវការអ្នកជំនាញផ្កាយរណបនៅកម្ពុជា កំពុងមានភាពចាំបាច់សម្រាប់ពេលបច្ចុប្បន្ន និងអនាគតនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំឱ្យមានការបណ្ដុះបណ្ដាលជំនាញនេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ក្នុងពេលឆាប់ៗខាងមុខនេះ។
បញ្ហាខាងលើនេះ ក៏ត្រូវបានលើកឡើងប្រាប់ភាគីចិនផងដែរ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី Chen Xu ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Tsinghua របស់សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ។
បន្ទាប់ពីជំនួបនេះ លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានឲ្យដឹងថា សាកលវិទ្យាល័យ Tsinghua ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសចិន មានអាយុកាលជាង១០០ឆ្នាំមកហើយ និងមានបទពិសោធន៍ច្រើនពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសថ្នាក់ដឹកនាំកំពូលៗនៅប្រទេសចិនភាគច្រើន ក៏ចេញពីសាកលវិទ្យាល័យនេះដែរ។
លោក ឡៅ ហ៊ីម បានបញ្ជាក់ថា កន្លងមកមន្ត្រីរាជការរបស់ក្រសួងការងារ ក៏ធា្លប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យនេះដែរ។ ក្រសួងបានស្នើសុំទៅសាកលវិទ្យាល័យឱ្យជួយផ្តល់អាហារូបករណ៍ជាច្រើន ទៅលើការបណ្តុះបណ្តាលធនធនមនុស្ស ជាពិសេសគ្រូរបស់កម្ពុជានូវជំនាញច្រើន ដូចជា កសិកម្ម សុខាភិបាល បច្ចេកវិទ្យាទំនើបៗ ជាពិសេសខាងផ្នែកផ្កាយរណប ដែលខាងសាកលវិទ្យាល័យមានការបណ្តុះបណ្តាលលើផ្នែកនេះ ខណៈកម្ពុជាក៏ត្រូវការជំនាញនេះជាចំាបាច់ផងដែរ។
លោក ឡៅ ហ៊ីម លើកឡើងបន្តថា បច្ចុប្បន្ននិស្សិតកម្ពុជាមិនទាន់ មានជំនាញផ្កាយរណបនេះនៅឡើយទេ ប៉ុន្តែកម្ពុជានឹងត្រៀមបណ្តុះបណ្តាលលើជំនាញនេះ នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា (NPIC)។ នៅពេលកម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយភាគីចិនហើយ ភាគីទាំងពីរនឹងរៀបចំកិច្ចការនេះភ្លាម ព្រោះឥលូវនេះកម្ពុជានៅខ្វះទាំងធនធានមនុស្ស និងសម្ភារៈ។ ជាផែនការ ក្រសួងនឹងរៀបចំនាពេលឆាប់ៗនេះ ហើយត្រូវត្រៀមជាមុនជាមួយដៃគូសហប្រតិបត្តិការ ហើយផ្នែកនេះវាជាតម្រូវការ របស់ប្រទេសកម្ពុជានាពេលអនាគត។
លោកថា បច្ចុប្បន្នកម្ពុជាប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធខ្សែអុបទិក នៅប្រទេសគេជឿនលឿន គឺគេប្រើតាមរយៈផ្កាយរណបនេះហើយ សូម្បីតែការហោះហើរក៏ត្រូវប្រើផ្កាយរណបដែរ អញ្ចឹងសព្វថ្ងៃនេះ នៅព្រលានយន្តហោះរបស់កម្ពុជាក៏មមាញឹកខ្លាំងណាស់ដែរ ដូច្នេះត្រូវការធនធានមនុស្សទៅលើផ្នែកនេះ។
លោកបានបន្តទៀតថា ភាគីកម្ពុជានឹងជជែកគ្នាជាមួយខាងភាគីចិនសិន ថាតើយើងត្រូវរៀបចំធ្វើអីខ្លះ ដែលជាតម្រូវការធនធានមនុស្សរបស់កម្ពុជានាពេលអនាគត និងត្រូវផ្សព្វផ្សាយថា ផ្នែកនេះជាតម្រូវការខ្ពស់របស់កម្ពុជាយ៉ាងដូចម្ដេច៕