(ភ្នំពេញ)៖ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife Cambodia បានលើកឡើងថា ការសហការជាមួយបណ្ដាធនាគារ នៅក្នុងតំបន់អាស៊ីជាយុទ្ធសាស្រ្ដសំខាន់មួយ ក្នុងការជំរុញអាជីវកម្ម និងសេដ្ឋកិច្ចឲ្យកាន់តែលូតលាស់ល្អ។
ការលើកឡើងបែបនេះ របស់អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulfie Cambodia ធ្វើឡើងក្នុងឱកាសចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulfie Cambodia និងធនាគារ ស្ថាបនា រយៈពេល១៥ឆ្នាំ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
លោក Robert Elliott ថ្លែងឲ្យដឹងថា «កិច្ចសហការរយៈពេលវែងនេះ នឹងឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរ ក្នុងការជួយការពារអនាគតហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ឱ្យបានកាន់តែច្រើនឡើង តាមរយៈការផ្តល់ជូននូវដំណោះស្រាយ លំដាប់ថ្នាក់ពិភពលោក ក្នុងការការពារប្រាក់ចំណូល ការសន្សំសម្រាប់ការសិក្សារបស់បុត្រធីតា និងការសន្សំសម្រាប់ការចូលនិវត្តន៍ជាដើម»។
លោក Norihiko Kato ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulfie ជាក្រុមហ៊ុនដ៏ធំមួយ ក្នុងបណ្តាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ លើសកលលោក និងជាក្រុមហ៊ុនអន្តរជាតិដំបូង គេដែលបាននាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតមកកាន់ប្រទេសកម្ពុជា។ អតិថិជននឹងមានភាពងាយស្រួល ក្នុងការទទួលបាននូវដំណោះស្រាយ ធានារ៉ាប់រងលំដាប់ថ្នាក់ពិភពលោករបស់ក្រុមហ៊ុន Manulfie បន្ថែមពីលើសេវាកម្មធនាគារ។
លោកបានបញ្ជាក់ទៀតថា «ខ្ញុំជឿជាក់ថា ការចាប់ជាដៃគូនេះ នឹងនាំមកនូវអត្ថប្រយោជន៍ កាន់តែប្រសើរឡើង និងធ្វើឲ្យអតិថិជន របស់ទាំងអស់អស់ក្តីបារម្ភចំពោះអនាគតហិរញ្ញវត្ថុរបស់ពួកគាត់»។
សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ ឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិ ដែលជួយប្រជាជនក្នុងការសម្រចចិត្ត ឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជិវីតកាន់តែប្រសើរឡើង។
គិតត្រឹមចុងឆ្នាំ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulfie មានបុគ្គលិកបម្រើការងារប្រមាណ ៣៥,០០០នាក់ ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៧៣,០០០នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត រាប់ពាន់ដៃគូផ្សេងទៀត កំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ២៦លាននាក់នៅទូទាំងសកលលោក។
បើគិតត្រឹមថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulfie មានសាច់ប្រាក់ប្រតិបត្តិការចំនួន១,១ទ្រីលានដុល្លារកាណាដា ឬ ៨៥០ពាន់លានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល១២ខែចុងក្រោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife បានបង់ជូនជាអត្ថប្រយោជន៍ការប្រាក់ និងការចំណាយផ្សេងៗ ជូនដល់អតិថិជនរបស់ចំនួន២៦,៩ ពាន់លានដុល្លារអាមេរិកនៅទូទាំងសកលលោក៕