(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង០១ខ្សែ ប្រវែង៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារក្រោមដំបូលសន្តិភាព។
ផ្លូវបេតុងថ្មី០១ខ្សែនេះ ជាផ្លូវស្ថិតក្នុងផ្លូវគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ មានប្រវែង៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលផ្លូវបេតុងថ្មី០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានសោភណ្ឌភាពក្នុងការរស់នៅ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយតទៅមុខទៀត៕